35 C
Phnom Penh
Sunday, June 26, 2022

អភិបាលខេត្តកំពត ប្រាប់មន្ត្រីព្រំដែនត្រូវមានឆន្ទៈ មនសិការស្រឡាញ់ជាតិ និងប្រជាជនជាងប្រយោជន៍ផ្ទាល់ខ្លួន

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានប្រាប់ដល់មន្ត្រីសមត្ថកិច្ចជំនាញ ដែលឈរជើងនៅតាមច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវរឹតបន្តឹងការងារត្រួតពិនិត្យទំនិញ និងគុណភាពទំនិញនាំចូលគ្រប់ប្រភេទឱ្យបានហ្មត់ចត់បំផុត ពិសេសត្រូវមានឆន្ទៈ និងមនសិការស្នេហាជាតិ ស្នេហាប្រជាជន កុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនយកកិត្តិយសជាតិ កិត្តិយសមន្ត្រី ទៅឱ្យភាគីផ្សេងវាយតម្លៃ។ ការលើកឡើងដូចនេះក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យស្ថានភាពទូទៅ និងបញ្ហាប្រឈម នៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីសមត្ថកិច្ចជំនាញឈរជើងនៅច្រកទ្វារព្រំដែនទាំងពីរ ក្នុងភូមិសាស្ត្រខេត្តកំពត(កម្ពុជា-វៀតណាម) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា មន្ត្រីដែលឈរជើងនៅតាមច្រកទ្វារព្រំដែន មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារដែនដី ការពារសុខភាព អាយុជីវិតរបស់ពលរដ្ឋនៅខាងក្នុងប្រទេស។ ដូច្នេះមន្ត្រីជំនាញឈរជើងនៅតាមច្រកទ្វារព្រំដែនទាំងអស់ត្រូវមានក្រមសីលធម៌ល្អក្នុងការបំពេញតួនាទីភារកិច្ច គោរពវិន័យ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ពិសេសរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលឱ្យបានហ្មត់ចត់បំផុត ជៀសវាងការនាំចូលទំនិញខូចគុណភាព ទំនិញប្រើប្រាស់សារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញទាំងអស់ត្រូវមានឆន្ទៈ និងមនសិការ ហើយត្រូវគិតគូរពីផលប្រយោជន៍ជាតិ សុខភាពប្រជាពលរដ្ឋធំ ជាងផលប្រយោជន៍ដែលខ្លួនចង់បាន។ ច្បាប់ល្អណាស់នៅក្នុងសៀវភៅ ប៉ុន្តែដើម្បីឱ្យច្បាប់មានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល នៅលើទិដ្ឋភាពច្បាប់នោះ គឺអាស្រ័យលើឆន្ទៈ និងមនសិការរបស់អ្នកអនុវត្តច្បាប់ ឬប្រតិបត្តិករច្បាប់។

ទន្ទឹមនឹងនេះ លោក ម៉ៅ ធនិន ក៏បានលើកទិសដៅចំនួន ៦ចំណុច ឱ្យមន្ត្រីជំនាញដែលឈរជើងតាមច្រកទ្វារទ្វេភាគីទាំងពីរ គឺច្រកតន់ហន់ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលទី១. មន្ត្រីផ្នែកជំនាញត្រូវអនុវត្តតាមគោលនយោបាយរបស់ខ្លួនឱ្យបានច្បាស់លាស់តាមផ្លូវច្បាប់ ទី២. បង្កើនការពិនិត្យលើមុខទំនិញទាំងអស់ ជាពិសេសគុណភាពទំនិញនាំចូល ទី៣. ត្រូវមានកិច្ចសហការគ្នាឱ្យបានល្អជាចង្វាក់នៃការគ្រប់គ្រង់ដោយផ្អែកទៅលើយន្តការច្បាប់ ទី៤. រក្សាតម្លៃសាមគ្គីភាព រក្សាតម្លៃ និងភាពថ្លៃថ្នូររបស់ជនជាតិខ្មែរ ទី៥. កន្លែងត្រួតពិនិត្យត្រូវពង្រឹងឡើងវិញ និងទី៦. ត្រូវឯកភាពគ្នាកំណត់ពេលវេលាបិទបើកច្រកទ្វារឱ្យបានច្បាស់លាស់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត