ព្រះសីហនុ៖ នៅសណ្ឋាគារ សុខា ប៊ិច ក្រុងព្រះសីហនុ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤
មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ម៉ាង ស៊ីណេត ជំនួសឯកឧត្តម គួច ចំរើន ដែលផ្លាស់ទៅកាន់អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុថ្មី៖ ខ្ញុំសូមប្ដេជ្ញាចិត្ត ការពារឱ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងសេ្ថរភាព នយោបាយ ដោយខិតខំអនុវត្ដឱ្យបានម៉ឹងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ដិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់។ គោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី។ អនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី «ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ» ឱ្យបានម៉ឺងម៉ាត់បំផុតប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមទិសស្លោក «រួមទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រឿងញៀន»។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើបន្តថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសុវត្ថិភាពឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗនៅក្នុងខេត្ត ក៏ដូចជាការផ្តល់លទ្ធភាព និងការផ្ដល់ការទទួលខុសត្រូវច្បាស់លាស់ ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាជននៅក្នុងខេត្តដោយភាពម្ចាស់ការខ្ពស់ ចំគោលដៅ ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌ ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ធានាដល់ការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជនស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New