មូស្គូ៖ សង្រ្គាមប្រូកស៊ីនៅអ៊ុយក្រែន រវាងបណ្តាប្រទេសលោកខាងលិច និងប្រទេសរុស្ស៊ី កាន់តែរីកធំឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ជាពិសេសនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីយន្តហោះដ្រូនពីរគ្រឿង ដែលគេជឿថា បាញ់បង្ហោះដោយអ៊ុយក្រែន បានវាយប្រហារសំដៅទៅលើវិមានក្រឹមឡាំង ដើម្បីធ្វើឃាតប្រធានាធិបតីរុស្ស៊ី។


អតីតមន្ត្រីចារកម្មអាមេរិក លោក ឡារី ចនសុន (Larry Johnson) បាននិយាយថា នេះគឺជាសញ្ញាមួយបង្ហាញពីគោលនយោបាយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន «ស្ថិតក្នុងភាពស្ងប់ស្ងាត់»។


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា «សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះដ្រូនលើវិមានក្រឹមឡាំង ពីព្រោះការសម្រេចចិត្តលើការវាយប្រហារបែបនេះមិនមែនធ្វើឡើងនៅក្នុងទីក្រុងគៀវទេ ប៉ុន្តែនៅក្នុងទីក្រុងវ៉ាស៊ីនតោន»។


អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃម្សិលមិញថា «រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគួរតែយល់យ៉ាងច្បាស់ថា យើងដឹងរឿងនេះ»។


ការវាយប្រហារដ៏សាហាវ កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លើវិមានក្រឹមឡាំង ដែលត្រូវបានគេគិតថា បានសំដៅយកជីវិតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានរារាំងដោយប្រព័ន្ធអេឡិចត្រូនិករបស់រុស្ស៊ី ដោយបានបិទ និងទម្លាក់យន្តហោះគ្មានដ្រូនពីរគ្រឿង មុនពេលធ្លាក់ចំគោលដៅ។


រដ្ឋាភិបាលទីក្រុងមូស្គូ បានប្តេជ្ញាសងសឹកអ៊ុយក្រែនវិញ នៅពេលវេលា និងទីកន្លែងណាមួយ ដែលខ្លួនសម្រេចចិត្តជ្រើសរើស ស្របអាជ្ញាធរនៅទីក្រុងគៀវ បានរាយការណ៍ពីការវាយឆ្មក់តាមផ្លូវអាកាសពីរុស្ស៊ី កាលថ្ងៃម្សិលមិញ។


អាជ្ញាធរអ៊ុយក្រែន នៅមុននេះបន្តិច បានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធណាមួយចំពោះការវាយប្រហារដោយដ្រូនលើវិមានក្រឹមឡាំង ដោយអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ បានកំណត់គោលដៅវាយប្រហារ ចំពោះតែក្នុងហេតុផលដើម្បីប្រយុទ្ធនៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះ។


លោក ឡារី ចនសុន បាននិយាយទៀតថា ការប៉ុនប៉ងវាយប្រហារលើវិមានក្រឹមឡាំង គឺមានលក្ខណៈជានិមិត្តរូប បើទោះបីជាមិនសូវសំខាន់ក៏ដោយ។
លោកបាននិយាយដូច្នេះថា «វាមិនបានបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរទេ ប៉ុន្តែវាមានផលប៉ះពាល់ផ្នែកផ្លូវចិត្ត។ តាមទស្សនៈរបស់ខ្ញុំគឺថា នេះនឹងធ្វើឲ្យរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន ទោះបីជាមិនបានបង្កើតឲ្យមានការភ័យខ្លាច ឬការមិនសប្បាយចិត្ត ឬការបែងបាក់ផ្ទៃក្នុងរុស្ស៊ីនោះក៏ដោយទេ។ អ្នកផ្សេងទៀតដែលជឿថា តាមរយៈការធ្វើបែបនេះ វានឹងបង្ហាញឲ្យឃើញថា ប្រទេសរុស្ស៊ី ទន់ខ្សោយ និងបង្កើតបញ្ហាបែកបាក់ផ្ទៃក្នុង។ ខ្ញុំគ្រាន់តែកត់សម្គាល់ថា ប្រតិកម្មរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី] មេដវេដេវ (Dmitry Medvidev) ក៏ដូចប្រធានសភាឌូម៉ា ខឹងយ៉ាងខ្លាំង និងអំពាវនាវឲ្យមានការសងសឹកឲ្យកាន់តែខ្លាំងប្រឆាំងនឹងអ៊ុយក្រែន»។


លោក ឡារី ចនសុន ជឿជាក់ថា រដ្ឋាភិបាលទីក្រុងគៀវ ប្រហែលជាបានកំណត់គោលដៅលើវិមានក្រឹមឡាំង ដោយចេតនចង់បង្កជម្លោះផ្ទៃក្នុងដល់ប្រទេសរុស្ស៊ី ដូច្នេះអនុញ្ញាតឲ្យសហរដ្ឋអាមេរិក អាចចេញមុខធ្វើអន្តរាគមន៍ក្នុងជម្លោះនេះដោយផ្ទាល់តែម្តង។
ចំណែកអ្នកសង្កេតការណ៍ម្នាក់ បានគិតថា «នៅត្រង់ចំណុចនេះ អ៊ុយក្រែនគឺស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ហើយកំពុងស្វែងរកច្រកចេញ។ ហើយខ្ញុំគិតថា ពួកគេយល់មធ្យោបាយតែមួយគត់ គឺធ្វើឲ្យសហរដ្ឋអាមេរិកលូកដៃកាន់តែស៊ីជម្រៅនៅក្នុងជម្លោះនេះ»។


លោក ឡារី ចនសុន បានបន្តនិយាយដូច្នេះវិញថា «ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំគិតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់យ៉ាងត្រឹមត្រូវថា ពួកគេព្យាយាមមិនលើកទឹកចិត្តឲ្យបង្កើនកម្តៅថែមទៀតឡើយ ពីព្រោះពួកគេទទួលស្គាល់ថា ជម្លោះនេះនឹងមិនអាចគ្រប់គ្រងបាន។ ចំណែកសហរដ្ឋអាមេរិក មិនមានជំហរផ្នែកយោធាដើម្បីប្រឈមមុខនឹងរុស្ស៊ី និងរួចផុតពីការប្រឈមមុខគ្នានោះដែរ»។


ផ្ទុយទៅវិញមន្ត្រីចារកម្មជើងចាស់របស់អាមេរិក ក៏បានកត់សម្គាល់ដែរថា ក្រុមបង្កើតគោលនយោបាយការបរទេសទាំងមូលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) មិនបោះបង់គោលបំណងចង់ប្រឈមមុខផ្ទាល់ជាមួយរុស្ស៊ី ដោយប្រថុយនឹងការកើនឡើងនៃជម្លោះ ជាជាងការបន្ថយភាពតានតឹង។


លោកនិយាយថា ពួកគេកំពុងព្យាយាមយកបង់បិតដំបៅលើទ្រូង ស្របតាមគោលនយោបាយជាមូលដ្ឋានរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងគោលនយោបាយការបរទេសទាំងមូល ដែលស្ថិតនៅក្នុងស្ថានភាពដួលរលំ។ សហរដ្ឋអាមេរិកមិនបានសម្រេចគោលដៅរបស់ខ្លួនបានទេ ទោះបីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកយោធាអស់ទឹកប្រាក់ជាង១២០ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ហើយបរាជ័យក្នុងការសម្រេចបាននូវ លទ្ធផលណាមួយ ដែលខ្លួនបានរំពឹងទុក ដូចជាធ្វើឲ្យប្រទេសរុស្ស៊ីដួលរលំ ឬផ្លាស់ប្តូររបបដឹកនាំ។


នៅពេលសួរថា តើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងមានប្រតិកម្មយ៉ាងណាក្នុងស្ថានភាពស្រដៀងគ្នានេះ ប្រសិនបើសេតវិមានត្រូវបានវាយប្រហារដោយសត្រូវរបស់សហរដ្ឋអាមេរិកនោះ លោក ឡារី ចនសុន បានឆ្លើយថា មិនចាំបាច់ទាយពីលទ្ធផលនោះទេ ដូចក្រោយពីការវាយប្រហារភេរវកម្ម កាលពីខែកញ្ញា ឆ្នាំ២០១១ បែរជាជួយស្រោចស្រង់ការបែកបាក់ផ្ទៃក្នុងបានមួយរយៈទៅវិញ ព្រមទាំងជួយបង្រួបបង្រួមមហាជនក្នុងសហរដអាមេរិក ឲ្យចេញមុខគាំទ្រប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករ៕








ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News