32 C
Phnom Penh
Thursday, June 8, 2023

អង្គការណាតូថា ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ចំណាយអស់ប្រាក់១៦៥ពាន់លាន ចាប់តាំងពីដើមឆ្នាំ២០២២

ទីក្រុងគៀវ៖ អគ្គលេខាធិការអង្គការណាតូ បានប៉ាន់ប្រមាណកាលពីថ្ងៃម្សិលមិញថា តម្លៃជំនួយផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បានកើនឡើងដល់១៦៥ពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ចំណាយក្នុងសង្គ្រាម។

សេចក្តីថ្លែងការណ៍របស់អង្គការណាតូបានរៀបរាប់ថា «អគ្គលេខាធិការបានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូបានផ្តល់ជំនួយជាង១៥០ពាន់លានអឺរ៉ូ ឬស្មើនឹង១៦៥ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបើកការឈ្លានពានរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២»។

លោក ចេន ស្តុលថេនប៊ើក (Jens Stoltenberg) បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នាទីក្រុងគៀវថា បណ្តាប្រទេសសមាជិកអង្គការណាតូ បានបណ្តុះបណ្តាលទាហានអ៊ុយក្រែនរាប់ម៉ឺននាក់ ហើយកំពុងផ្តល់យន្តហោះចម្បាំង រថក្រោះ និងរថពាសដែកបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីរៀបចំបើកការវាយបកទៅលើទាហានរុស្ស៊ីវិញ នាពេលខាងមុខនេះ។

លោក ចេន ស្តុលថេនប៊ើក បាន​បញ្ជាក់​ជា​ថ្មី​ថា ភូមិសាស្ត្រ​របស់ទឹកដី​អ៊ុយក្រែន ​គឺ​ស្ថិត​នៅ​ក្នុងតំបន់របស់​អង្គការណាតូ ប៉ុន្តែ​លោកមិន​បាន​ផ្តល់​ពេលវេលាជាក់លាក់ណាមួយ​សម្រាប់អ៊ុយក្រែន​​ចូល​ជា​សមាជិក​របស់​ខ្លួន​ឡើយ។

លោកបាននិយាយទៀតថា ការចូលជាសមាជិកណាតូរបស់អ៊ុយក្រែន នឹងអាចធ្វើទៅបានតាមពេលវេលាសមស្រប និងបានធានាចំពោះមុខប្រធានាធិបតីអ៊ុយក្រែនថា ណាតូនៅតែជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអ៊ុយក្រែន សម្រាប់រយៈពេលដ៏យូរយ៉ាងក៏ដោយ ដើម្បីជួយរៀបចំប្រទេសនេះឲ្យស្របទៅតាមស្តង់ដាររបស់អង្គការណាតូ និងធានាឲ្យមានប្រតិបត្តិការរួមគ្នាក្នុងចំណោមបណ្តាប្រទេសជាសមាជិកណាតូ ដើម្បីប្រឹងប្រែងឲ្យអស់ពីដៃពីជើងសម្រាប់ជួយអ៊ុយក្រែន។

នៅក្នុងថ្ងៃដដែលនេះដែរ ក្រសួងការពារជាតិហូឡង់ បានប្រកាសថា ខ្លួននឹងផ្តល់រថក្រោះឈ្មោះ ឡេអូផាតធូ អេហ្វរ (Leopard 2 A4) ចំនួន១៤គ្រឿង ផលិតនៅប្រទេសអាល្លឺម៉ង់ ដែលបានទិញរួមគ្នាជាមួយប្រទេសដាណឺម៉ាក ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន សម្រាប់ច្បាំងជាមួយរុស្ស៊ី នៅក្នុងឆ្នាំ២០២៤។

ក្រសួងការពារជាតិហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រួមគ្នាជាមួយប្រទេសដាណឺម៉ាក ហូឡង់នឹងទិញរថក្រោះ ឡេអូផាតធូ អេហ្វរ ចំនួន១៤គ្រឿង សម្រាប់អ៊ុយក្រែន។ រថក្រោះប្រយុទ្ធសំខាន់ៗទាំងនេះនឹងត្រូវបញ្ជូនទៅដល់អ៊ុយក្រែន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួចរាល់។ ចំណែកការដឹកជញ្ជូនរថក្រោះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ២០២៤»។

សូមរំឭកថា ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិច នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានស្រុះស្រួលគ្នាផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធសព្វាវុធទំនើបៗជាច្រើនប្រភេទ រួមទាំងកាំជ្រួចការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត រថក្រោះ កាំភ្លើងធំ និងកាំភ្លើងប្រឆាំងយន្តហោះជាដើម៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img