27 C
Phnom Penh
Friday, September 13, 2024

អង់គ្លេស តាមប្រមាញ់ក្រុមកុបករបង្កចលាចល និងអ្នកបង្ហោះព័ត៌មានក្លែងក្លាយ

លោក Keir Starmer បានព្រមានថា ក្រុមកុបករនឹងត្រូវប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ ប្រសិនបើនៅតែបន្តបង្កចលាចល ស្របពេលដែលលោកកំពុងប្រឈមនឹង វិបត្តិជាលើកដំបូង ចាប់តាំងពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែ កក្កដាកន្លងទៅមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍កន្លងទៅនេះ លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «នេះគឺជាការចាត់វិធានការយ៉ាងលឿនរហ័សរបស់យើង។ប្រសិនបើពួកអ្នក បង្កចលាចល និងអំពើហិង្សានៅតាមដងផ្លូវរបស់យើង ឬនៅលើប្រព័ន្ធអនឡាញ នោះពួកអ្នកនឹងត្រូវប្រឈមនឹងការកាត់ទោសតាមផ្លូវច្បាប់យ៉ាងពេញទី»។ ជាមួយគ្នានោះអជ្ញាធរអង់គ្លេស ក៏បានសន្យាដែរថា នឹង មិនត្រឹមតែតាមប្រមាញ់ក្រុមកុបករប៉ុណ្ណោះ តែពួកគេក៏នឹងបង្ក្រាបអ្នកដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីសាបព្រោះព័ត៌មាន ក្លែងក្លាយបង្កឱ្យមានចលាចលផងដែរ។ ជាក់ស្តែង ក្រោយការសន្យានេះ បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ពាក្យពេចន៍គំរាមកំហែងនិងប្រកាន់អាកប្បកិរិយារើសអើងពូជសាសន៍លើFacebook។ ចំណែក បុរស ម្នាក់ទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៣ឆ្នាំ កាលពីថ្ងៃពុធ ទី៧ ខែសីហា និង ២នាក់ផ្សេងទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារម្នាក់ ២០ខែ និង៣០ខែ។ គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បាន ធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្តាហ៍មុនមកម៉្លេះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយ កាំបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយ័ព្យប្រទេសអង់គ្លេស។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img