27 C
Phnom Penh
Saturday, May 21, 2022

ស្លាប់ម្នាក់ និងរបួសពីរនាក់ ដោយសាររថយន្តធុនធំធ្លាក់ផ្លូវរួចក្រឡាប់ដោយខ្លួនឯង

កំពត៖ មនុស្សប្រុសស្រី៣នាក់ ស្ថិតក្នុងគ្រួសារតែមួយគឺ ស្ត្រីជាប្រពន្ធ និងជាម្តាយបានស្លាប់ ចំណែកឪពុករបួសធ្ងន់ រីឯកូនប្រុសរបួសស្រាល ខណៈពេលធ្វើដំណើរតាមរថយន្តដែលជ្រុលធ្លាក់ផ្លូវ រួចក្រឡាប់ដោយខ្លួនឯង។ ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកឈូក បានឱ្យដឹងថា ស្ត្រីដែលបាត់បង់ជីវិតឈ្មោះ អាន លន អាយុ ៣៧ឆ្នាំ។ ចំណែកបុរសជាប្តីឈ្មោះ យ៉ាង សាញ់ អាយុ ៤២ឆ្នាំ និងកូនប្រុសឈ្មោះ សង សារព្រឹក អាយុ៣ឆ្នាំ។ គ្រួសារនេះមានទីលំនៅក្នុងភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៤ និង២០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១០-១១១ គឺរថយន្តដឹកស្រាបៀរធ្លាក់ផ្លូវ រួចក្រឡាប់ដោយខ្លួនឯង។ មុនគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តធុនធំមួយគ្រឿងសណ្ដោងរឺម៉កម៉ាកហ្វ៊ុយហ្សូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-6418 និងរឺម៉កសណ្តោងស្លាកលេខភ្នំពេញ4A-5515 បើកមកពីកើតទៅលិច។ លុះដល់កន្លែងកើតហេតុរថយន្តនោះបានជ្រុលចង្កូតធ្លាក់ទៅខាងស្តាំ រួចក្រឡាប់តែម្តង។ មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗ អ្នកជិតខាងបានទៅកាន់កន្លែងកើតហេតុឃើញស្រាបៀរធ្លាក់រាយប៉ាយនៅលើដី និងមានមនុស្ស៣នាក់កៀបជាប់ក្នុងរថយន្ត។

ក្រោយពេលសមត្ថកិច្ច និងអ្នកភូមិនាំគ្នាគាស់ទាញយកជរងគ្រោះចេញមកក្រៅស្រាប់តែឃើញស្ត្រីម្នាក់បាត់បង់ជីវិត ចំណែកបុរសជាអ្នកបើកបររថយន្តរងរបួសធ្ងន់ និងកូនប្រុសបួសស្រាល ទើបហៅរថយន្តដឹកអ្នករបួសទាំងពីរទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

អត្ថបទ និងរូបភាព ដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត