30 C
Phnom Penh
Monday, June 27, 2022

ស្ពានបេតុងឫស្សីកែវ សម្រេចបានជាង៦៣%ហើយ និងគ្រោងបញ្ចប់មុនព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ស្របនឹងស្ពានបាឡេ ដែលកំពុងធ្វើចរាចរណ៍រាល់ថ្ងៃ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧ភាគរយហើយ។ តាមផែនការ គម្រោងនេះនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅខែមីនា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣។

គួរបញ្ជាក់ថា ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រ សងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤ មានគន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ ២ខ្សែទៅ ២ខ្សែមក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរ ក្រោមស្ពានអប្បរមានៅរដូវប្រាំង២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។ ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា២៨ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន៣៥ លាន ដុល្លារ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត