28 C
Phnom Penh
Friday, March 29, 2024

ស្ពានទ្រុឌទ្រោម២កន្លែង ដែលបម្រើដល់វិស័យទេសចរណ៍ក្នុងឧទ្យានជាតិគីរីរម្យ កំពុងរងការខូចខាត

កំពង់ស្ពឺ៖ ស្ពានចំនួន ២កន្លែង ស្ថិតលើបណ្តោយផ្លូវជាតិលេខ៤៦ ដែលជាសរសៃឈាមទេសចរណ៍នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដែលទាមទាឱ្យមានការជួសជុលឡើងវិញបន្ទាន់។

ទាក់ទងនឹងបញ្ហានេះ លោក ជ័យ ហ៊ីម មេឃុំចំបក់បានប្រាប់អ្នកយកព័ត៌មានCNCនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា នៅខ្នងភ្នំនៃឧទ្យានជាតិគីរីរម្យមានស្ពានចំនួន២ដែលរងការទ្រុឌទ្រោមដោយវ័យចំណាស់ និងដោយការយាយីពីគ្រាប់មីននៃភ្លើងសង្គ្រាម ផងដែរ។ ស្ពានទាំង២នេះមានប្រវែង ២១ម៉ែត្រ និង៣០ម៉ែត្រ ស្ថិតនៅចំណុចអូរកសេះ និងស្ទឹងតាសេកនៃភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។

មេឃុំចំបក់ បានបន្ថែមថា នៅក្នុងសម័យសង្គ្រាមស្ពានទាំងពីរនេះ ត្រូវបានរងការដុតបំផ្លាញ និងដាក់គ្រាប់មីនកំទេចចោលពីក្រុមឧទាមខ្មែរក្រហម តែនៅក្រោយសមាហរណ័កម្ម រាជរដ្ឋាភិបាលបានធ្វើការជួសជុល និងស្ថាបនាជាស្ពានដែកបេឡេក្រាលក្តា។ ដោយវ័យចំណាស់ និងសកម្មភាពចរាចរមម៉ាញឹក បានធ្វើឱ្យស្ពាននេះមានភាពទ្រុឌទ្រោម តែនៅអាចចរាចរណ៍បាន។ បច្ចុប្បន្នស្ពានទាំងពីរនេះបានដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីតំបន់រមណីយដ្ឋានមួយទៅរមណីយដ្ឋានមួយទៀត ដែលមានភ្ញៀវជាតិ-អន្តរជាតិ ចេញចូលមិនចេះដាច់ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ហើយឧទ្យានជាតិគីរីរម្យ បច្ចុប្បន្នបាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំង។

លោក ជ័យ ហ៊ីម បានស្នើដល់ស្ថាប័នជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ឱ្យជួយជួសជុលនិងស្ថាបនាស្ពាននេះឡើងវិញផង ជាប្រយោជន៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំ និងដឹកផល អនុផលដែលធ្វើបានដើម្បីដោះដូរសម្រួលដល់ជីវភាពរស់នៅ ពិសេសការធ្វើដំណើរចេញចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

ជុំវិញការស្នើរសុំនេះ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកបានចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យវាស់វែងរួចហើយ និងក៏កំពុងស្វែងរកជំនួយដើម្បីជួសជុល ផងដែរ។ ស្ពាននេះមន្ទីរក៏មានគម្រោងស្ថាបនាយូរហើយដែរ តែស្នើសុំកញ្ចប់ថវិកាអស់រយៈពេល២ឆ្នាំមកហើយមិនបាន៕

អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img