32 C
Phnom Penh
Thursday, June 8, 2023

ស្នងការនគរបាលខេត្តកំពត ប្រាប់អធិការនគរបាល និងមេប៉ុស្តិ៍គ្រប់ឃុំ-សង្កាត់ ពន្លឿនការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ

កំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានក្រើនរំលឹកដល់អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ពិសេសការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ដើម្បីបានយកទៅប្រើប្រាស់តាមភាពចាំបាច់ផ្សេងៗ ពិសេសបម្រើដល់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអធិការដ្ឋាននគរបាលក្រុងកំពត ដែលមានចំនួន ៤បន្ទប់ ចំណាយថវិកាអស់ចំនួន ៤៦.០០០ដុល្លារ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ លោកបានលើកឡើងថា បច្ចុប្បន្នការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជាការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ពិសេសអត្តសញ្ញាណប័ណ្ណ នៅតែជាបញ្ហាប្រឈម ទោះជាកន្លងមកបញ្ហាមួយចំនួនដែលធ្វើឱ្យយឺតយ៉ាវ ហើយត្រូវបានដោះស្រាយរួចរាល់ក៏ដោយ។ ដោយមើលឃើញដូច្នេះ ទើបរាជរដ្ឋាភិបាល ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្តល់សិទ្ធិដល់អធិការនគរបាលក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បម្រើសេវានេះដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមានភាពងាយស្រួល និងរហ័ស។

ដូច្នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាល ដាច់ខាតត្រូវតែមានកម្លាំងប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង សម្រាប់ការត្រៀមលក្ខណៈពេលមានបញ្ហាបណ្តឹងពីប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍លើបញ្ហាអ្វីមួយឱ្យបានទាន់ពេលវេលា។ ក្រៅពីនេះ មន្ត្រីនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាឱ្យបាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ភ្ញៀវទេសចរដែលកម្សាន្តខេត្តកំពតឱ្យបានល្អប្រសើផងដែរ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img