
កំពត៖ ស្នងការខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានចុះធ្វើវេទិកា សាធារណៈ ដើម្បីប្រមូល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅ ក្នុងបរិវេណវត្តព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដោយបានការប្រមូល និងដោះស្រាយបានចំនួន ១៧ករណី នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២១៨នាក់ មកពី ៣សង្កាត់ ក្នុងក្រុងបូកគោ។

នៅក្នុងវេទិកានោះ លោកឧត្តមសេនីយ៍ទោស្នងការបានដោះស្រាយបញ្ចប់បញ្ហាហិង្សាក្នុងគ្រួសារ ១ករណី ជួយដោះស្រាយកង្វះខាតប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ។ ដោយឡែកបញ្ហាដែលនៅសេសសល់ នឹងធ្វើរបាយការណ៍ជូន លោក ម៉ៅ ធនិន អភិបាលខេត្ត ដើម្បីចុះពិនិត្យ និងដោះស្រាយនាពេលបន្ទាប់។ នៅក្នុងវេទិកានេះដែរ ក៏មានមន្ត្រីជំនាញធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងវេទិកានោះផងដែរ ដោយមន្ត្រីជំនាញបានធ្វើជូនប្រជាពលរដ្ឋបានចំនួន ៤នាក់។

លោកស្នងការនគរបាលខេត្ត បានជំរុញដល់អាជ្ញាធរសង្កាត់ និងលោកមេប៉ុស្តន៍ទាំងអស់ ត្រូវរួមសហការគ្នាក្នុងដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកបញ្ហានោះឱ្យអូសបន្លាយយូរ ហើយត្រូវរួមគ្នាផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្តិភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានយល់ដឹងច្បាស់ដើម្បី ឈានទៅការអនុវត្តបានល្អប្រសើរ៕



Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន
អត្ថបទ នឹង រូបភាព Puthinews