ប៉ុន្មានខែចុងក្រោយនេះគេសង្គេតឃើញថា នៅខាងក្នុងនិងខាងមុខស្ថានីយអយស្ម័យយាន បាត់ដំបង ចាប់ផ្តើមមានសភាពអ៊ូអរឡើងវិញ បន្ទាប់ពីបានបោះបង់ចោលដោយស្ថិតក្នុងភាពស្ងាត់ជ្រងំដូចទីរហោដ្ឋានរាប់ឆ្នាំរួចមក។
រយ:ពេលជាង២ខែកន្លងមកនេះ នៅខាងមុខស្ថានីយរថភ្លើងបាត់ដំបង ចាប់ផ្តើមមានមនុស្សម្នាឡើងវិញ រួមជាមួយនិងការលក់ដូរចំណីអាហារ ក៏ដូចជាការចតត្រៀបត្រានូវមធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីចាំស្វាគមន៍អ្នកដំណើរតាមរយ:រថភ្លើងពីភ្នំពេញ មកបាត់ដំបង។


គួរបញ្ជាក់ថា បច្ចុប្បន្នរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញមកបាត់ដំបង និងពីបាត់ដំបងទៅភ្នំពេញ ចាប់ផ្តើមដំណើរការវិញហើយ ដោយក្នុងតម្លៃមនុស្ស១នាក់ ៨ ដុល្លារ ហើយការធ្វើដំណើរតាមខ្សែរថភ្លើងនេះ គឺចេញដំណើរពីភ្នំពេញ នៅម៉ោង ៧ ព្រឹក និងត្រឡប់ពីបាត់ដំបង ទៅភ្នំពេញវិញ នៅម៉ោង ៣ រសៀល ជាកំហិត ។


លោក ភឿក សុភ័ន្ត ជាអ្នករត់ម៉ូតូកង់បី បានលើកឡើងថា បច្ចុប្បន្នរូបគាត់ក៏ដូចជាអ្នករត់កង់បីដទៃទៀតដែរ គឺមានម៉ូយបន្ថែមទៀត ដោយដឹកអ្នកដំណើរឆ្ពោះទៅស្ថានីយរថភ្លើង និងត្រូវទៅរង់ចាំនូវម៉ោងប្រមាណ១និង៣០នាទីរសៀល ពេលរថភ្លើងមកដល់បាត់ដំបង ដែលការដំណើរការឡើងវិញនូវប្រព័ន្ធគមនាគមន៍សម្រាប់ផ្លូវដែក គឺជាការឆ្លុះបញ្ចាំងអំពីការឈានទៅមុខឥតឈប់ឈររបស់កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានបោះបង់ចោលរាប់សិបឆ្នាំទៅហើយនោះ។ ដូច្នេះបើមានបងប្អូនណាចង់ជិះលំហែរកាយមើលព្រៃព្រឹក្សា និងមើលទេសភាពជួរភ្នំនានា
សូមអញ្ជើញធ្វើដំណើរតាមរថភ្លើងប្រាកដជាមិនអផ្សុកឡើយ ៕
ដោយ៖ Puthi News
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News