34 C
Phnom Penh
Friday, May 20, 2022

សេវាស្នាក់នៅក្នុងខេត្តកំពតក្នុងឆ្នាំនេះមានកើនឡើង និងមានការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរ

កំពត៖ មន្ត្រីជំនាញ អ្នកគ្រប់គ្រង់សណ្ឋាគារ និងភ្ញៀវវទេសចរបានឱ្យដឹងថា ទោះស្ថិតនៅក្នុងបរិបទនៃកូវីដ-១៩ តែខេត្តកំពតដែលជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយម មិនបានរាំងស្ទះដល់សកម្មភាពអភិវឌ្ឍន៍នោះទេ ពិសេសវិស័យទេសចរណ៍តែម្តង។ ហើយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញសេវាស្នាក់នៅរបស់ខេត្តនេះមានការប្រកួតប្រជែងខ្លាំង សណ្ឋាគារ បឹងហ្គាឡូ និងរីស៊តថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដែលភ្ញៀវអាចកម្សាន្តផង និងស្នាក់នៅផង។

ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានឱ្យដឹងថា ទោះស្ថិតនៅក្នុងអន្តរកាលនៃវិបត្តិកូវីដ-១៩ តែខេត្តកំពតនៅតែបន្តសកម្មភាពរស់រវើកក្នុងការអភិវឌ្ឍលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញឱ្យមានអ្នកមកកម្សាន្តឱ្យបានកាន់តែច្រើនបន្ថែមទៀត ពិសេសកន្លែងស្នាក់នៅ ដែលពេលបច្ចុប្បន្ននេះ កំពតមានបន្ទប់សរុបជិត៤ពាន់បន្ទប់ ដោយសារមានកន្លែងស្នាក់នៅបង្កើតឡើងថ្មីច្រើន ហើយកន្លែងនីមួយៗមានលក្ខណៈពិសេសប្លែកៗគ្នា ដើម្បីស្រូបទាញបេះដូងទេសចរ និងដណ្តើមយកអតិថជនឱ្យបានច្រើន។

លោក នន់ ស៊ីដ្ឋា នាយកគ្រប់គ្រងទូទៅសណ្ឋាគារមួយកន្លែង បានលើកឡើងថា ខេត្តកំពត គឺជាគោលដៅទេសចរណ៍មួយដ៏ពេញនិយមមួយ សម្រាប់ខ្សែទស្សនកិច្ចមកកាន់តំបន់សមុទ្រ ដោយសារខេត្តនេះនៅជិតរាជធានីភ្នំពេញ ផ្លូវធ្វើដំណើរល្អ ហើយនៅជិតខេត្តកែប និងមានកន្លែងដើរកម្សន្តច្រើនសម្បូរបែប។ ដោយសារតែកំណើនភ្ញៀវទេសចរ បានធ្វើឱ្យអ្នកវិនិយោគកាន់តែច្រើននាំគ្នាចូលមកបង្កើតជាកន្លែងផ្សេងៗ ដើម្បីបម្រើសេវាទេសចរណ៍។ ជាក់ស្តែង សណ្ឋាគារនេះ គឺជាកន្លែងស្នាក់នៅដ៏ស្រស់ត្រកាល លក្ខណៈបែរជាកេអូទេសចរណ៍ធម្មជាតិ ស្ថិតនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ មានបរិស្ថានអនាម័យស្អាត មានស្ពានឈើសម្រាប់ដើរនៅលើផ្ទៃទឹកព្រែកភ្ជាប់ពីផ្ទះមួយ ទៅផ្ទះជាច្រើន និងភ្ជាប់ពីបន្ទប់មួយ ទៅបន្ទប់ជាច្រើន មានរុក្ខជាតិដុះលម្អខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញថ្ងៃលិចបានយ៉ាងស្រស់ស្អាត។

ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ កញ្ញា ម៉ូលីកា បានប្រាប់ឱ្យដឹងថា កញ្ញាបានបង្ហាញពីអារម្មណ៍ស្រស់ស្រាយនៅពេលចូលមកដល់ទឹកដីនៃខេត្តកំពត ដោយសារតែខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ និងកន្លែងកម្សាន្តច្រើនដូចជា ទឹកជ្រោះ តំបន់ភ្នំ តាមឆ្នេរព្រែក និងតំបន់អេកូទេសចរណ៍ជាច្រើនទៀត។ កញ្ញា ម៉ូលីកា ថាទីនេះជាឋានសួគ៌ថ្មីមួយដែលទើបបានបង្ហាញខ្លួននៅក្នុងខេត្តកំពត៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត