30 C
Phnom Penh
Friday, December 8, 2023

សេចក្តីប្រកាសព័ត៌មានស្តីពីការ ការរកឃើញបទល្មើសព្រៃឈើចំនួន៨៦ករណី កាលពីថ្ងៃទី០១ ដល់០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ

សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែបន្តប្រទះឃើញករណីបទល្មើសជិត១០០ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរការកាលពីដើមខែកន្លងទៅ។ 

ដើមឈើល្អៗ ដែលត្រូវរងការកាប់បំផ្លាញមានមុខកាត់ចាប់ពី៣៤ សង់ទីម៉ែត្រ ដល់២២០សង់ទីម៉ែត្រ ដែលក្នុងនោះមានប្រភេទឈើ ពពេល ផ្ចឹក  ផ្តៀក ស្ទៀង កកោះ គគី ត្រាច តាសេក ស្រឡៅ និងឈើទាល(ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ) ដែលកាលពីថ្ងៃ ០១ ដល់ ០៤ ខែកញ្ញា  ឆ្នាំ២០២៣ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ បាននាំគ្នាចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពអំពីដែនជម្រកសត្វព្រៃព្រះរការ បានប្រទះឃើញបទល្មើសកាប់ផ្តួលឈើដែលរៀបរាប់ខាងលើចំនួន ៨៦ករណី ក្នុងនោះមានក្ដារបន្ទះចំនួច៣១សន្លឹកដែលជនល្មើសមិនទាន់យក ឬទុកចោល ទន្ទឹមនឹងការរកឃើញបទល្មើសទាំងនេះ នៅពេលយប់ពួកយើងបានលឺសន្ធឹករណាយន្ដដែលជនល្មើសបន្តសកម្មភាពរបស់ពួកគេក្នុងការបំផ្លាញដើមឈើផ្សេងទៀតក្នុងតំបន់នេះ។ 

ការចុះទៅប្រមូលព័ត៌មាននេះដោយចាប់ផ្តើមត្រង់ចំណុចដែលមាននិយាមការ X:504252, Y:1531600 ដល់ចំណុចដែលមាននិយាមការ X:516394, Y:1527468 ក្នុងរយៈចំងាយប្រមាណជា ៥០ គីឡូម៉ែត្រ។

ពួកយើងដែលជាសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ ដែលអាស្រ័យផលលើអនុផលព្រៃឈើតាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ ពិតជាមានសេចក្តីសោកស្តាយជាខ្លាំងចំពោះការអនុវត្តផែនការក្នុងការល្បាតការពារព្រៃពីសំណាក់មន្ត្រីក្រសួងបរិស្ថានដើម្បីការការពារព្រៃដ៏មានសារសំខាន់មួយនេះ។ 

នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន សិទ្ធិ និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយ។សហគមន៍ជនជាតិដើមភាគតិចកួយ សូមអំពាវនាវសារជាថ្មីដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថានដែលមានឯកឧត្តម អ៊ាង សុផល្លែតជារដ្ឋមន្ត្រីថ្មី៖

1) មេត្តាបញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជនជាតិដើមភាគតិច និងសាធារណជនដូចមានចែងក្នុងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងរដ្ឋធម្មនុញ្ញ ។

2) បើកទូលាយ និងបង្កបរិយាកាសល្អដល់អង្គការសង្គមស៊ីវិល សាធារណជន សហគមន៍មូលដ្ឋានក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

3) ពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវ។

4) បង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌបើសិនរកឃើញថាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច។

ទំនាក់ទំនងព័ត៌មាន៖

• លោក ខាក់ ភារិទ្ធម៉ាស៊ី 066 495 086

• លោក  ធា ធីម 097 490 6062

• លោក អឿន ចាន់ធឿន 088 531 9923

នេះជាតំណរភ្ជាប់ភស្ដុតាំងនៃទីតាំងដែលដើមឈើត្រូវបានជនល្មើសកាប់បំផ្លាញ https://drive.google.com/drive/u/1/folders/1Fg4QbRChso0nWSQJMCEFDSr8Rg1xY9D1

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img