32 C
Phnom Penh
Thursday, June 1, 2023

សេចក្តីថ្លែងការណ៍ ចេញពីរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិនថាដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់គឺ “គ្រោះថ្នាក់ និងឆោតល្ងង់”

ប្រទេសចិន នៅថ្ងៃពុធទី០៣ ខែសីហានេះ បានបន្តបញ្ចេញកំហឹងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយហៅទង្វើនេះថា “គ្រោះថ្នាក់ និងឆោតល្ងង់”។

“សហរដ្ឋអាមេរិក មិនគួរស្រមើស្រមៃអំពីការបំភ្លៃការពិតទេ។ ភាគីអាមេរិក បានអះអាងថា ប្រទេសចិនកំពុងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង ប៉ុន្តែការពិតជាមូលដ្ឋានគឺថា សហរដ្ឋអាមេរិកឯណោះទេ ដែលបានបង្កហេតុមុន ចំពោះចិនលើសំណួរតៃវ៉ាន់ ហើយបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនដោយឥតលាក់លៀម”។ នេះបើតាមការបញ្ជាក់ របស់លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាកន្លែង ដែលលោកកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស អាស៊ាន។

លោកបានបន្ថែមថា “ការបញ្ចូលសំណួរតៃវ៉ាន់ ទៅក្នុងយុទ្ធសាស្ត្រក្នុងតំបន់ដោយសហរដ្ឋអាមេរិក ដែលបង្កើនភាពតានតឹង និងការប្រឈមមុខដាក់គ្នា គឺប្រឆាំងនឹងនិន្នាការនៃការអភិវឌ្ឍន៍ក្នុងតំបន់ និងផ្ទុយទៅនឹងការរំពឹងទុករបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់ និងឆោតល្ងង់”។

មុននេះចិនបានចោទប្រកាន់ លោកស្រី Pelosi ថាកំពុងលេងជាមួយភ្លើង ហើយអ្នកដែលលេងជាមួភ្លើងនឹងវិនាសដោយសារវា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា “គ្មានហេតុផលណាដែលធ្វើឱ្យដំណើរទស្សនកិច្ចនេះ ក្លាយជាព្រឹត្តិការណ៍ជំរុញឱ្យមានវិបត្តិ ឬជម្លោះនោះទេ”។

ថ្លែងបន្ទាប់ពី លោកស្រី ទៅដល់តៃវ៉ាន់ លោក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដំណើរ ទស្សនកិច្ចនេះ គឺស្របតាមគោលនយោបាយដ៏យូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិនហើយមិនបានរំលោភលើអធិបតេយ្យភាព របស់ចិនឡើយ។

ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើដំណើររបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺ “សាហាវណាស់” ហើយបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ។ លោកថា ចិននឹងមិន អង្គុយនៅស្ងៀមឡើយ។

លោក Xie និយាយថា “នៅទីបំផុត តៃវ៉ាន់នឹងត្រលប់ទៅកាន់មាតុភូមិវិញ។ គ្មានកម្លាំង និងបុគ្គលណាដែលអាចមើលស្រាលលើការតាំងចិត្តឆន្ទៈដ៏មុតមាំ និងសមត្ថភាពដ៏អស្ចារ្យ របស់ប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបាននោះទេ”៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img