26 C
Phnom Penh
Thursday, June 8, 2023

សិស្សស្រីពូកែម្នាក់ នៅស្រុកទឹកឈូ ត្រូវថៅកែដេប៉ូល្បីឈ្មោះផឹកស្រាស្រវឹងជោគ បើករថយន្តបុកស្លាប់ ហើយព្យាយាមបើកគេច បន្តបុករះម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសពីរនាក់ទៀត

កំពត៖ អ្នកធ្វើអំពើអាក្រក់ពិតជាមានកម្មពៀរមែន ថៅកែដេប៉ូគ្រឿងសំណង់ និងម្ចាស់យានដ្ឋានកែច្នៃរថយន្តយីហោអ៊ីវធូ ផឹកស្រាស្រវឹងជោគ បើករថយន្តលឿនដូចហោះ ជ្រុកបុករះម៉ូតូសិស្សសាលាចំនួន៣គ្រឿង បណ្តាលឱ្យក្មេងស្រីម្នាក់ជាសិស្សពូកែបានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ស្រាល ចំណែកឯអ្នកបើកឡាន មិនបានឈប់ជួយជនរងគ្រោះឡើយ បែរជាខំប្រឹងបើករត់ រហូតមានការតាមស្ទាក់ចាប់ទើបឈប់ទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ធ្វើមិនដឹង ខណៈដែលពលរដ្ឋសម្តែងការហួសចិត្ត ចំពោះអ្នកដែលមានរថយន្តទំនើបជិះ រស់នៅបែបហ៊ឺហា បែរជាមានចរិតអន់បែបនេះ។

សូមបញ្ជាក់ថា ហេតុការណ៍បុករះម៉ូតូខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង០៥នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ នៅចំណុចម្តុំចំការសាវម៉ាវ ផ្លូវជាតិលេខ៣៣ ក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្បែរនឹងផ្ទះអ្នកបើកបរប្រហែលពីរគីឡូម៉ែត្រប៉ុណ្ណោះ។ រថយន្តបង្កម៉ាក450D ប្រើម៉ាស៊ូត ស្លាកលេខភ្នំពេញ2AK-6989 ម្ចាស់ដើមឈ្មោះ ស៊ឹម វ៉ាន់ដេត បើកបរដោយឈ្មោះ អ៊ីវ ធូ និងប្រពន្ធឈ្មោះ សេម គន្ធី វ័យ៣៨ឆ្នាំ ជាថៅកែដេប៉ូគ្រឿងសំណង់យីហោអ៊ីវធូ២ មានទីលំនៅក្បែរកន្លែងកើតហេតុ ប្រហែល២គីឡូម៉ែត្រ ក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

បើតាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា មុនដំបូងគេឃើញមានម៉ូតូក្មេងសិស្សសាលា និងអ្នកដំណើរផ្សេងទៀត ធ្វើដំណើរលើដងផ្លូវជាតិលេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨ ភ្លាមៗនោះរថយន្តខាងលើ បានបើកមកពីក្រោយក្នុងទិសដៅស្របគ្នាយ៉ាងលឿនដូចហោះ វ៉ាគេវ៉ាឯង ដោយមិនព្រមបន្ថយល្បឿន ក៏ជ្រុលបុករះម៉ូតូពីក្រោយ ចំនួនពីរគ្រឿង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រ ហើយមិនព្រមឈប់បានព្យាយាមបន្ថែមល្បឿនទៅកៀរម៉ូតូផ្សេងទៀត បណ្តាលឱ្យស្លាប់សិស្សស្រីម្នាក់ដែលជាសិស្សពូកែ និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ភ្លាមៗអ្នកបើកឡានរិតតែបន្ថែមល្បឿនរត់គេច រហូតមានការតាមដេញចាប់ពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋទើបរកឃើញ ហើយទុករថយន្តចោល តែឃាត់បានតែរថយន្តប៉ុណ្ណោះ អ្នកបើកបរដែលជាម្ចាស់ដេប៉ូនោះ ក៏ស្រាប់តែបាត់ខ្លួនពីកន្លែងកើតហេតុ មិនដឹងគេចទៅច្រកណានោះទេ។

សូមបញ្ជាក់ថា ម្ចាស់រថយន្ត និងជាអ្នកបើកបររថយន្តបង្កហេតុខាងលើ ត្រូវបានប្រភពច្បាស់ការមួយបង្ហើបថា ជាបុគ្គលដែលមានទ្រព្យសម្បត្តិហ៊ឺហា គ្រប់គ្រងរថយន្តដឹកដី ដឹកខ្សាច់ជាច្រើនគ្រឿង និងមានដេប៉ូលក់គ្រឿងសំណង់ដ៏ធំ ព្រមទាំងបើកយានដ្ឋានជួសជុល និងកែច្នៃរថយន្តសម្រាប់អាជីវកម្មដឹកជញ្ជូនផងដែរ ហើយនៅថ្ងៃកើតហេតុនេះ ជនបង្កខាងលើទើបចេញពីផឹកស៊ី និងមានស្ថានភាពស្រវឹង។

គួររំឭកផងដែរថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ជនបង្កដែលជាថៅកែដេប៉ូខាងលើនេះ ក៏ធ្លាប់បានបញ្ជាឱ្យកូនចៅរបស់ខ្លួនម្នាក់ឈ្មោះ អ័ង ភី ដែលគ្មានប័ណ្ណបើកបរត្រឹមត្រូវ ឱ្យបើកឡានធំយីឌុបភ្លៅ៤ ទៅដឹកថ្មឱ្យម៉ូយ ហើយតៃកុងឡាននោះបើកលឿនហួសប្រមាណ ជ្រុលទៅបុករថយន្តអ្នកដំណើរម៉ាក់ Lexus 470 បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅលើផ្លូវជាតិលេខ៣ ហើយថៅកែនេះបានបញ្ជាឱ្យកូនចៅរត់គេច ព្រមទាំងចាត់មនុស្សឱ្យមកយកឯកសារ និងបកផ្លាកឈ្មោះខ្លួនចេញពីរថយន្តបង្កហេតុ ក្នុងបំណងកុំឱ្យពាក់ព័ន្ធនឹងខ្លួន ហើយក្រោយមកទៀត បានបញ្ជាឱ្យក្មួយរបស់ខ្លួនវ័យ២៥ឆ្នាំ មកដើរតួធ្វើជាម្ចាស់រថយន្ត និងជាអ្នកចេញមុខទទួលខុសត្រូវ ដោយសងឱ្យគ្រួសាររងគ្រោះត្រឹម៥០០០$ប៉ុណ្ណោះ ហើយក៏គេចមិនទទួលខុសត្រូវដល់សព្វថ្ងៃនេះ។ បន្ទាប់មកទៀត ថៅកែដេប៉ូនេះ បានប្រើល្បិចទុច្ចរិតពន្យាពេលសំណុំរឿង និងបានបង្គាប់ឱ្យកូនចៅ និងក្មួយរបស់ខ្លួន ឆ្លើយចម្លើយនៅតុលាការ កុំឱ្យជាប់ឈ្មោះខ្លួនជាអ្នកទទួលខុសត្រូវលើការខូចខាត ខណៈដែលជនត្រូវចោទឈ្មោះ អ័ង ភី ដែលជាអ្នកបើកបរឡានបង្កហេតុផ្ទាល់ បានអះអាងយ៉ាងច្បាស់ថា ខ្លួនពិតជាអ្នកធ្វើការឱ្យឈ្មោះ អ៊ីវ ធូ និងបើកលុយពីថៅកែខាងលើនេះពិតប្រាកដមែន ហើយរថយន្តបង្កហេតុ គឺម្ចាស់ដេប៉ូជាអ្នកគ្រប់គ្រង និងជួសជុលទៀតផង មិនមែនក្មួយរបស់គាត់នោះទេ ចំពោះចម្លើយដែលឆ្លើយនៅតុលាការខ្លួនមិនដឹងទេ តែរឿងពិតគឺនៅតែជាការពិត។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងករណីម្ចាស់ដេប៉ូយីហោអ៊ីវធូ បើកឡានក្នុងស្ថានភាពស្រវឹងបុកមនុស្សស្លាប់ និងរបួសនេះ ប្រជាពលរដ្ឋបាននាំគ្នានិយាយថា ករណីនេះប្រហែលជាកម្មពៀរ អ្នកប្រព្រឹត្តិហើយ ពីព្រោះថា ថៅកែដេប៉ូខាងលើ ជាអ្នកមានទ្រព្យសម្បត្តិដែរ តែបែរជាមានគំនិតទុច្ចរិត រកវិធីធ្វើបាបគ្រួសាររងគ្រោះកាលគ្រាមុន ដោយមិនព្រមទទួលខុសត្រូវលើសំណងរដ្ឋប្បវេណី ធ្វើឱ្យគ្រួសាររងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ មកដល់បច្ចុប្បន្នអស់រយៈពេលជាង៨ខែហើយ ហើយករណីនេះច្បាស់ជាត្រូវបាបកម្ម ឬទេព្តាឆ្នាំថ្មីដាក់ទោសហើយមើលទៅ បានជាជួបរឿងដូច្នេះ ពីព្រោះថាកន្លងមក ថៅកែខាងលើនេះ គេអាងមានខ្សែ មានលុយ បូករួមនិងមានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយសមត្ថកិច្ចស្រុកទឹកឈូថែមទៀត ទើបគេមិនដែលខ្វល់ពីកំហុសរបស់ខ្លួន។ តែយ៉ាងណាក៏ដោយ ករណីនេះមហាជនក៏ដូចជា គ្រួសារជនរងគ្រោះ ដោយហេតុការណ៍ សំណូមពរឱ្យសមត្ថកិច្ច តាមចាប់ជននេះឱ្យបាន យកមកទទួលទោសព្រហ្មទណ្ឌទៅតាមច្បាប់ កុំឱ្យរួចខ្លួនឱ្យសោះ ពីព្រោះថា ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ស្មើរភាពគ្នាចំពោះមុខច្បាប់ កុំចាប់បានតែអ្នកក្រ និងអ្នកតូចតាចឱ្យសោះ ដើម្បីឱ្យវិញ្ញាណក្ខណ្ខអ្នកស្លាប់ មានភាពស្ងប់ចិត្ត។ បើតាមការបែកធ្លាយ បានឱ្យដឹងថា សមត្ថកិច្ចស្រុកទឹកឈូ បានស្គាល់សាវតា និងអត្តសញ្ញាណអ្នកបើកបរ រថយន្តខាងលើនេះច្បាស់លាស់ណាស់ បើសិនជាទុកឱ្យរួចខ្លួនទៀតនោះ ច្បាស់ជាធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿចិត្តជាក់ជាមិនខាន។

ជាមួយគ្នានេះ មហាជនដែលបានដឹងសាច់រឿងនេះច្បាស់ កំពុងនាំគ្នាតាមដានផងដែរថា តើការបើកបរដោយធ្វេសប្រហេសក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសបែបនេះ នឹងត្រូវជាប់ពន្ធនាគារដែរឬទេ ចំពោះអ្នកមានលុយដូចជាថៅកែមួយនេះ ខណៈដែលរឿងចាស់ក៏នៅមិនទាន់បានដោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសាររងគ្រោះ ក៏បានសំណូមពរទៅកាន់ស្ថាប័ណ្ណអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យជួយតាមដានការអនុវត្តច្បាប់ចំពោះបុគ្គលអ្នកមាននេះបន្ថែមទៀត ព្រោះថាកន្លងមកហាក់មានភាពមិនប្រក្រតី ក្នុងសំណុំរឿង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img