27.3 C
Phnom Penh
Monday, September 25, 2023

សាច់ញាតិជនរងគ្រោះកំពុងរង់ចាំយុត្តិធម៌ខណ:ដីកាបង្គាប់ឱ្យចាប់ខ្លួនមានហើយតែមិនដឹងនៅទើរត្រឹមណា

ខេត្តកំពង់ស្ពឺ៖ រយៈពេលជាង១ឆ្នាំហើយដែលសាច់ញាតិជនរងគ្រោះរង់ចាំពន្លឺយុត្តិធម៌ពីស្ថាប័នតុលាការ ក៏ដូចជាអយ្យការ ត្បិតសាច់ញាតិបានស្លាប់ទៅយូរដែរហើយ រីឯជនបង្កនៅមានសេរីភាពដើរផឹកស៊ីក្នុងភូមិយ៉ាងរំភើយ។

បើយោងតាមប្រភពពីមន្ត្រីនគរបាលស្រុកគងពិសី បានបង្ហើបប្រាប់ថា ករណីហិង្សាបណ្ដាលឱ្យភាគីម្ខាងស្លាប់ ដែលកើតឡើងនៅ ភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ កាលពីអំឡុងជាងមួយឆ្នាំមុន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតាមឋានានុក្រមអស់ហើយ។ ក្រោយមកឮថាដល់អយ្យការ និងចៅក្រមស៊ើបសួរ តែជនបង្កហាក់បីដូចជាមិនញញើតនឹងច្បាប់បន្តិចណាឡើយ គឺគេចវេះរហូតហើយបាននឹងកំពុងដើរផឹកស៊ីឡូឡាពេញតែភូមិទៀតផង។ ប្រភពបន្តថា ការដែលជនដៃដល់នៅមានសេរីភាពបែបនេះ ធ្វើឱ្យមជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅជិតនោះ មានការខ្លាចរអារជាខ្លាំងអំពីសុវត្ថិភាពខ្លួន ក៏ដូចជាកូនចៅរបស់ពួកគាត់។ អ្វីដែលសមត្ថកិច្ចដឹងនៅពេលនេះ គឺតំណាងអយ្យការបានចោទប្រកាន់រួចហើយ និងបានបញ្ជូនរឿងទៅចៅក្រមទើបសួរ ដើម្បីបន្តនីតិវិធី។ នៅដំណាក់កាលស៊ើបសួរ បើទោះជាមានដីការកោះឱ្យចូលខ្លួនទៅបំភ្លឺនៅស្ថាប័នតុលាការក្តី គឺគ្រប់ដំណាក់កាលទាំងអស់ ពេលដែលជនសង្ស័យទទួលបានដីកា គឺមិនដែលចូលខ្លួនទៅឆ្លើយតាមការបរិច្ឆេទនោះទេ។ និយាយជារួមសមត្ថកិច្ចចាំតែអនុវត្តតាមបញ្ជានោះទេ ឱ្យតែមានដីកាបង្គាប់ឱ្យចាប់ខ្លួនក្នុងដៃសមត្ថកិច្ច។ តែបើតាមដឹងករណីនេះចៅក្រមស៊ើបសួរបានចេញដីកាបញ្ជាឱ្យសមត្ថកិច្ចសាធារណៈចាប់ខ្លួនជនសង្ស័យយកមកឃុំខ្លួន ដើម្បីបន្តនីតិវិធីរួចហើយ។ តែគេមិនដឹងថាតើដីកាបង្គាប់ឱ្យចាប់ខ្លួនដែលចេញដោយចៅក្រមស៊ើបសួរនោះ នៅទើរត្រឹមណាឡើយបន្ទាប់ពីគេដឹងថា ដីកានេះបានទៅដល់ការិយាល័យកិច្ចការអយ្យការរួចមក។

បើយោងតាមប្រភពពីមន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺមួយរូប និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានបង្ហើបប្រាប់ផងដែរថា ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ជនសង្ស័យត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣មកម៉្លេះ។ បើគិតមកដល់ពេលនេះការចុះហត្ថលេខាបានជិត១ខែហើយ។ មន្ត្រីដដែលបានប្រាប់ផងដែរថា អំពើហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ កាលបើអំពើនោះបណ្ដាលឱ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។

ដោយឡែកប្រភពក្រៅផ្លូវការមួយទៀតក៏បានបង្ហើបប្រាប់ផងដែរថា ភាគីជនសង្ស័យបានពឹងពាក់មន្ត្រីមួយរូបឱ្យជួយរត់ការបញ្ឈប់ដីកាបង្គាប់ឱ្យចាប់ខ្លួននោះ ដោយហ៊ានចំណាយលុយយ៉ាងច្រើនសន្ឋឹកទៀតផង។ ការពិតយ៉ាងណានោះនៅមិនទាន់ដឹងថា តើដីកាដែលលោកចៅក្រមបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនោះពេលនេះនៅទីកន្លែងណាឡើយ ឬមួយក៏ដូចការលើកឡើងខាងលើមែន?។ពាក់ព័ន្ធនឹងការងារនេះដែរអ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់ពីលោកផេង ស៊ីភ័ណ អ្នកនាំពាក្យសាលាដំបូងនិងជាប្រធានលេខាធិការដ្ឋានសុំការបកស្រាយដែរតែទូរស័ព្ទទាក់ទងពុំបាន។

សូមរំឭកថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩:៣៨នាទី មានករណីហិង្សាដោយចេតនា បណ្តាលឱ្យស្លាប់ នៅចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី បង្ករឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំខាងលើ បានចាក់ចំនួន ២កាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img