(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា ការធ្វើតេស្តប្រព័ន្ធមីស៊ីលលល្បឿនលឿនជាងសំឡេង ហៃភើសូនិច (Hypersonic) ១ប្រភេទរបស់ខ្លួន ដែលទើបតែប្រព្រឹត្តទៅ បានទទួលបរាជ័យ ក្រោយបញ្ហាខុសប្រក្រតីបានកើតឡើង កំលុងការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។
ការធ្វើតេស្តខាងលើ ដែលត្រូវបានរៀបចំឡើង នៅមូលដ្ឋានសាកល្បងមីស៊ីលល នៃកោះហាវ៉ៃ មានគោលដៅបាញ់បញ្ជូន ក្បាលគ្រាប់មីស៊ីលលល្បឿនលឿនជាងសំឡេង ហៅថា Common Hypersonic Glide Body ដោយបំពាក់ពីលើប្រព័ន្ធប៊ូស្ទើ (Booster) ដែលមាន ២កំណាត់។ ប្រព័ន្ធប៊ូស្ទើនោះត្រូវបានរចនាឡើង ដើម្បីបង្កើនល្បឿនក្បាលគ្រាប់ ឱ្យកើនដល់កម្រិតហៃភើសូនិច លើសពី Mach 5 ឬលឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើងទៅ ខណៈពេលដល់ចំណុចនោះ ក្បាលគ្រាប់នឹងផ្តាច់ខ្លួនពីប៊ូស្ទើ ហើយប្រើល្បឿនដែ វាទទួលបាន ដើម្បីហោះទៅកាន់គោលដៅ។
ការធ្វើតេស្តនោះ គឺជាលើកដំបូងបំផុតដែល ប្រព័ន្ធទាំងមូលគឺទាំងក្បាលគ្រាប់ហៃភើសូនិច និងប្រព័ន្ធប៊ូស្ទើ ត្រូវបានធ្វើតេស្តរួមគ្នាតែម្តងយ៉ាងដូច្នេះ។ យ៉ាងណាមិញ មន្ទីរបញ្ចកោណបានឱ្យដឹងថា វាបានទទួលបរាជ័យ ដោយសារតែមានបញ្ហាមួយបានកើតឡើង ប៉ុន្តែមិនបានផ្តល់ការបកស្រាយលម្អិតឡើយ។
ការធ្វើតេស្តប្រព័ន្ធមីស៊ីលលល្បឿនលឿនជាងសំឡេងខាងលើ ក៏បានទទួលបរាជ័យម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០២១ ផងដែរ ដែលបានប្រព្រឹត្តទៅ នៅរដ្ឋអាឡាស្កា (Alaska) ប៉ុន្តែកាលណោះ ប្រព័ន្ធប៊ូស្ទើដែលត្រូវបានប្រើប្រាស់ ក្នុងការធ្វើតេស្ត មិនមែនជាផ្នែកនៃប្រព័ន្ធអាវុធនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងខំប្រឹងប្រែងតាមឱ្យទាន់ចិននិងរុស្ស៉ី ក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង។ កន្លងមក ទីក្រុងវ៉ាស៉ីនតោន ក៏ទទួលជោគជ័យក្នុងការធ្វើតេស្តជាច្រើនលើកផងដែរ នៅក្រោមកម្មវិធីអភិវឌ្ឍមីស៊ីលលហៃភើសូនិចផ្សេងៗគ្នា ប៉ុន្តែមកទល់ពេលបច្ចុប្បន្ន អាមេរិកមិនទាន់មានប្រព័ន្ធសព្វាវុធនេះ សម្រាប់ប្រើប្រាស់បានជាផ្លូវការ នៅឡើយទេ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News