27 C
Phnom Penh
Saturday, June 25, 2022

សហព័ន្ធបាល់ទាត់ឥណ្ឌាផ្ញើសារសូមទោសកម្ពុជាពាក់ព័ន្ធបញ្ហាបច្ចេកទេសមួយចំនួន

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា បានផ្ញើលិខិតសូមអភ័យទោសដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ និងត្រូវបានបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា។

ការផ្ញើលិខិតសូមអភ័យទោសនេះកើតឡើងបន្ទាប់ពីការចាក់ភ្លេងជាតិកម្ពុជាមិនដំណើរការដោយរលូន។

ភាគីឥណ្ឌា បានសរសេរថា ជាបឋម យើងសូមអរគុណដល់ក្រុមទាំងមូលដែលបានរួមចំណែកដោះស្រាយបញ្ហាដែលបានកើតឡើង។ ជាមួយគ្នានេះ យើងសូមអរគុណដល់គណៈគ្រប់គ្រងក្រុមកម្ពុជាចំពោះកិច្ចសហការក្នុងការដោះស្រាយលើបញ្ហាសណ្ឋាគារនៅ Kolkata និងធានាថា ក្រុមសម្របសម្រួលនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចៀសបញ្ហាទាំងឡាយមិនឲ្យកើតមានឡើងតទៀត។

មិនតែប៉ុណ្ណោះទេ យើងសូមអភ័យទោសចំពោះសហព័ន្ធ និងក្រុមទាំងមូលចំពោះបញ្ហានៅសណ្ឋាគារ ក៏ដូចជាការចាក់ភ្លេងជាតិកម្ពុជា។
បញ្ហាការចាក់ភ្លេងជាតិនេះត្រូវបានយកទៅពិភាក្សា ហើយរកឃើញថា វាកើតឡើងដោយសារបញ្ហានៅលើស្គ្រីន។

គួររំឭកថា ក្រុមកម្ពុជាបានរង់ចាំប្រហែល៤នាទីដើម្បីគោរពភ្លេងជាតិខ្លួន ទម្រាំតែបានឮ។ ដល់ពេលភ្លេងជាតិម្ចាស់ផ្ទះឥណ្ឌាវិញ បែរជាដំណើរការបានយ៉ាងរលូន។ សូម្បីតែលោក Keisuke Honda អ្នកចាត់ការជម្រើសជាតិកម្ពុជា ក៏ស្រឡាំងកាំងដែរពីបញ្ហានេះ។

តាមពិតទៅ មុនការប្រកួតប៉ុន្មានម៉ោង ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្ញើលិខិតទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា រឿងដាក់ទង់ជាតិកម្ពុជាខុស។ ឯកឧត្តមបានព្រមានថា ប្រសិនបើមិនមានការកែសម្រួលទេ នោះនឹងឲ្យយន្ដហោះដឹកកីឡាករកម្ពុជាមកផ្ទះវិញ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ីក៏បានផ្ញើលិខិតសូមទោសពីបញ្ហានេះ។

សារព័ត៌មានក្នុងស្រុកបានស្រង់ប្រសាសន៍ឯកឧត្តមប្រធានថា “៖នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។”
បញ្ហាទាំងនេះបានធ្វើឲ្យអ្នកតាមដានបាល់ទាត់នៅកម្ពុជាជាច្រើនខកចិត្តយ៉ាងខ្លាំង និងលើកឡើងថា ជាកម្សោយនៃការរៀបចំរបស់ឥណ្ឌា។
ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលរកបានគ្រាប់បាល់ក្នុងសំណាញ់ឥណ្ឌាមួយគ្រាប់កាលឆ្នាំ២០១៧ បានសរសេរថា “៖ខ្ញុំមិនដឹងថាជាកំហុស រឺ ក៏ជាចេតនា បើអ្នកគោរពយើង យើងនឹងគោរពអ្នក តែបើមិនគោរពពួកយើង យើងដូចគ្នា។”

សូម្បីតែឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏ជាអ្នកនិយមតាមដានកីឡាមួយរូបដែរនោះ បានប្រសាសន៍ប្រតិកម្មលើគណនី Facebook ផ្ទាល់ខ្លួនផងដែរ។

គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ម្ចាស់ផ្ទះឥណ្ឌា ២ទល់នឹង០ ក្នុងវគ្គជម្រុះ AFC Asian Cup 2023៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត