26 C
Phnom Penh
Saturday, October 1, 2022

សហគមន៍នេសាទត្រពាំងសង្កែរ កំពុងពង្រីកការអភិរក្សព្រៃកោងកាង ដើម្បីពង្រីកសេវាកម្មទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត

កំពត៖ សហគមន៍នេសាទត្រពាំងសង្កែរ ដែលស្ថិតនៅក្នុងឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត បាន និងកំពុងប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមសហគមន៍អេកូទេសចរណ៍ទាំងអស់ក្នុងខេត្តកំពត។ ក្រៅពីការងារអភិរក្សព្រៃកោងកាង និងការងារល្បាត សហគមន៍មានគម្រោងពង្រីកសេវាកម្មទេសចរណ៍បន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញភ្ញៀវទេសចរ។

ប្រធានសហគមន៍នេសាទត្រពាំងសង្កែរ លោក ស៊ឹម ហ៊ីម បានឱ្យដឹងថា សហគមន៍នេសាទត្រពាំងសង្កែរ បាន ប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តកំពត ដោយសហគមន៍នេះ បានបង្កើតជាកន្លែងស្នាក់នៅ មានទូកសម្រាប់ជិះលេងកម្សាន្តមើលព្រៃកោងកាង ខ្ចុះអង្គុយលើផ្ទៃទឹកព្រែក មានស្ពានឈើដើរកម្សាន្តក្រោមម្លប់ព្រៃកោងកាង និងស្ពានឥន្ទធនូ និងមានសេវាម្ហូបអាហារជាដើម្បី។ ប៉ុន្តែដោយសារខេត្តកំពត មានកំណើនភ្ញៀវទេសចរច្រើន ហើយពួកគាត់ចូលចិត្តទៅសម្រាកកម្សាន្តនៅតំបន់មាត់សមុទ្រ ពិសេសនៅសហគមន៍ត្រពាំងសង្កែនេះ ទើបលោកប្រធានសហគមន៍ មានគម្រោងពង្រីកសេវាកម្មស្នាក់នៅ ទូកសម្រាប់ដឹកភ្ញៀវទេសចរ ស្ពានឈើ និងខ្ចុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងចំនួនភ្ញៀវទេសចរដែលចង់ទៅសម្រាកកម្សាន្ត។

លោកប្រធានសហគមន៍ បានបញ្ជាក់ថា មកដល់ពេលនេះសហគមន៍ មិនត្រឹមតែបានអភិរក្សព្រៃកោងកាង និងការពារដែនសហគមន៍នេសាទពីបទល្មើសនេសាទនោះទេ ប៉ុន្តែថែមទាំងបានធ្វើការដាំដើមកោងកាងបានចំនួន ៥ម៉ឺនដើមលើផ្ទៃដី ២៦ហិកតាបន្ថែមទៀត ហើយរហូតមកដល់ពេលនេះ សហគមន៍បានអភិរក្សដើមកោងកាងបានចំនួន ៥៧ហិកតា។ ដោយឡែកសម្រាប់គម្រោងពង្រីកសេវាកម្ម អាចជាបញ្ហាប្រឈមសម្រាប់សហគមន៍ ដោយសារតែប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ចំនួន ២០ភាគរយ មិនអាចបំពេញតម្រូវការអភិវឌ្ឍន៍បានទេ ព្រោះសហគមន៍តត្រូវការចំណាយលើសកម្មភាពផ្សេងៗជាច្រើនទៀត។

លោកប្រធានសហគមន៍ក៏បានស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋ ចូលរួមសហការ និងជួយឧបត្ថម្ភគាំទ្រក្នុងសកម្មភាពអភិរក្ស និងការពារដែនសហគមន៍នេសាទត្រពាំងសង្កែ ឱ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីឱ្យសហគមន៍មានលទ្ធភាពក្នុងការអភិវឌ្ឍលើសេវាទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUBE >> https://www.youtube.com/channel/UCeI_LAmIoaEAhhs5ceI8xPQ

WEB>> https://puthinews.com/

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img