28 C
Phnom Penh
Sunday, June 26, 2022

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិរួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសិស្សានុសិស្សជាង ៣៩ ០០០ នាក់អាចចូលរៀនវិញប្រកបដោយសុវត្ថិភាព

រាជធានីភ្នំពេញ៖ នៅ​ថ្ងៃទី​១0 ខែ​មករា​ ឆ្នាំ​២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួម​ជា​មួយ​នឹង​​អង្គការ​ភ្លែន​អន្តរជាតិ​​កម្ពុជា​ បានដាក់ចេញជាផ្លូវការនូវការ​​អនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និង​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ​ក្នុង​វិទ្យាល័យ​​ ហ៊ុន​ សែន​ វាល​រេញ ស្រុក​ព្រៃ​នប់ នៃខេត្ត​ព្រះសីហនុ​។​

ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប​ គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹង​អង្គការ​ភ្លែន​អន្តរ​ជាតិ​គ្រោងនឹងដំឡើងកន្លែង​លាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ២០២២នេះ។ លើសពីនេះទៅ​ទៀត​ មូលនិធិព្រីនស៍ ​ក៏បានបរិច្ចាគឧបករណ៍​វាស់​កម្តៅ​ចំនួន ៩៩០គ្រឿង​ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

យោង​តាម​ប្រសាសន៍​របស់​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ទាំង​គ្រូបង្រៀន​និង​សិស្សានុសិស្ស​តម្រូវ​ឲ្យ​អនុវត្ត​តាម​វិធាន​ការការពារ​ដូចជា​​ការ​លាង​ដៃ​ឲ្យបាន​ញឹក​ញាប់​ ការ​រក្សាគម្លាត​ និង​ការ​ពាក់​ម៉ាស់ជា​ដើម​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។ លោក​ជំទាវ​បាន​បន្ត​ថា​៖ ​នៅ​បំណាច់​នៃ​គម្រោង​នេះ​ ​សិស្សានុសិស្ស​​ចំនួន ៣៩ ០១៩​នាក់​ មក​ពី​​សាលា​បឋម​សិក្សាចំនួន​ ៧២​សាលា សាលា​អនុវិទ្យាល័យ​​ចំនួន​ ១៨​សាលា និង​​វិទ្យាល័យ​​ចំនួន​​ ៩ សាលា​ ​ក្នុង​ស្រុក​ព្រៃ​នប់ ស្រុក​ស្ទឹង​ហាវ ​ ស្រុក​កំពង់​សីលា កោះ​រុង នឹង​ទទួល​បាន​បរិក្ខារ​សម្រាប់​លាង​ដៃ​នេះ​។​

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាន​លើកឡើងនៅ​សាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន​ ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១​​ ក្រសួង​អប់រំ យុវជន និង​​កីឡាបាន​អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ។​ ឯកឧត្តម​បាន​បន្ត​ថា​ «​​ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែល​អាចនិយាយបាន​ថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ ‘គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ ។

តាម​រយៈ​ការ​ចាប់​ផ្តើម​ជំហាន​ដំបូង​របស់​ខ្លួន​​ក្នុង​ឆ្នាំ​ថ្មី​ក្នុង​យុទ្ធនាការ​ «ត្រឡប់ទៅសាលារៀនវិញ» ​នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​ដើរតួនាទី​យ៉ាង​សកម្ម​​ក្នុង​ការ​ចូល​រួម​ចំណែកពង្រឹង​ និង​ផ្តល់​ភាព​អង់អាច​ដល់​​​​​សិស្សានុសិស្សកម្ពុជា​ដើម្បី​​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​អនាគត​ដ៏​ប្រសើរ​មួយ​ ហើយ​តួនាទី​​ដ៏​សំខាន់នេះ​​ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​​​ការ​ផ្តល់​អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្ស​កម្ពុជា​ចំនួន​៤០០​នាក់​​ ដែល​ជា​កម្មវិធី​ដ៏​លេចធ្លោ​មួយ​​ក្នុង​ចំណោម​​​កិច្ច​ផ្តួច​​ផ្តើម​ដទៃទៀត​របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប៕

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «​ពួ្​ក​យើង​ជឿជាក់​​ថា​​កិច្ច​ផ្តួច​ផ្តើម​​ក្នុង​​បើក​សាលារៀន​​វិញ​ប្រកបដោយ​សុវត្ថិភាព​នេះគឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​​មាន​សារៈសំខាន់​ និង​​ចាំបាច់​បំផុត​សម្រាប់​កាលៈទេសៈមួយ​នេះ​។ យើង​ពិត​ជា​មានសេចក្តីសោមនស្សរីករាយ​ដែល​បាន​ធ្វើ​ការ​ និង​រៀន​សូត្រ​ពី​អង្គការ​ភ្លែន​អន្តរ​ជាតិ​ដែល​ជា​អង្គការ​មួយ​​ធ្វើ​ការ​ជួយ ​និង​គាំទ្រ​ដល់​​ការ​អភិវឌ្ឍន៍​របស់​កុមារ​​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេលជាង​២០​ឆ្នាំ​មក​នេះ​។ ហើយ​វា​ក៏​ពិតជា​កិត្តិយស​សម្រាប់​ពួក​យើង​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​អញ្ញើញ​ឲ្យ​ចូល​រួម​​នៅ​ក្នុង​កម្ម​វិធី​ថ្ងៃ​នេះ ក្រោម​អធិបតីភាព​ឯក​ឧត្តម​ សាយ​ សំអាល់ និង​​ឯកឧត្តម​ គួច ចំរើន​ ដើម្បី​ដាក់​ចេញ​នូវ​​ការ​​កម្មវិធី​ទឹក​ស្អាត​និង​អនាម័យ​ជាមួយ​នឹង​អង្គការ​ភ្លែន​អន្តរជាតិ​។​

លោក​ យី គឹម​ថាន ​នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជាបាន​មាន​ប្រសាសន៍​ថា៖ «អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា​នឹង​​ធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានា​ឲ្យ​បាន​ថា​ តំណាង​សាលាចំនួន​ពីរ​នាក់ មាន​នាយក​សាលា​ម្នាក់​និង​គ្រូប​ង្រៀន​ម្នាក់​នឹង​បាន​រៀន​ពី​របៀប​តម្លើង ប្រើ​ប្រាស់​ ជួស​ជុល​និង​ថែទាំ​បរិក្ខារ​ទាំង​នោះ​។ ​គម្រោង​នេះទៀត​សោត​មាន​គោល​បំណង​​ធ្វើ​ឲ្យ​ប្រាកដ​ថា​៩០% ​នៃសិស្សានុសិស្ស​ ជាពិសេស​កុមារ​តូច​ៗ​​នឹង​បាន​​រៀននិង​យល់​ដឹង​អំ​ពី​​ការ​រក្សា​អនាម័យ​​​ ​និង​វិធាន​ការ​ការពារ​ជំងឺ​កូវីដ-១៩​​​​។​

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន  ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍ​វិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យ​ប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការ​ចូលរួម​នាពេល​អនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានកសាង​មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និង​លំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខ​ដែលនឹង​ក្លាយជា​គម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមាន​គោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅ​ទីតាំង​យ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ     រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុង​គោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕

អំពី អង្គការភ្លែន​អន្តរជាតិ

អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាព​ចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នា​ដើម្បីទិសដៅថ្មីដែលផ្តោតសំខាន់លើសិទ្ធិកុមារនិងសមភាពសម្រាប់ក្មេងស្រី ដោយ​​ធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០​ឆ្នាំ​នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួម​ក្នុងការដឹកនាំ ការសម្រេចចិត្ត និងតស៊ូ​ប្រឹង​ប្រែង​ ហើយបានចាប់ផ្តើមដំណើរ​ការ​ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។

នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា​បានបើកដំណើរការយុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំទៅមុខទៀតនោះមានចំនួន៤រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យ​ដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មាន​អំពីរាង​កាយ​របស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើOCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោលរួមទាំង​កម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រីនិងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិតដោយផ្តោតលើIQE ការអភិវឌ្ឍ​ជំនាញ និងជំនាញជីវិត​រួមទាំងសុខភាពផ្លូវភេទ​ និងសុខភាពបន្តពូជនិងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេង​ទទួលបានចំណេះដឹងជំនាញនិងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេនិងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម​និងការចូលរួម​របស់​ប្រជាពលរដ្ឋធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីជោគជ័យ៕

សម្រាប់​ព័ត៌មាន​បន្ថែម​អំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់​៖

លោកស្រី លឹមស៊ាងហេង                                        

Two Way Public Relations      

ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១                    

អ៊ីម៉ែល៖[email protected]

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត