នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក អាទល់ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាពចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ កម្ពុជាមកដល់ពេលនេះមានមោទនភាពដែលធ្លាប់តែជាប្រទេសញាំញីដោយសង្គ្រាម រាប់រយឆ្នាំ អាចស្វែងរកសន្តិភាពពេញលេញដោយខ្លួនឯងហើយថែមទាំងអាចចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងបុព្វហេតុសន្តិភាពពិភពលោក។ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ។ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្វ្រិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ពកម្ពុជាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា៕





ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New