32 C
Phnom Penh
Monday, September 9, 2024

សម្តេចតេ​ជោ​ហ៊ុន សែន​ អញ្ជើញជួបអតីតឯ​កអគ្គរដ្ឋទូត​ជប៉ុន ប្រចាំព្រះរា​ជាណាចក្រ​​​កម្ពុជា​ ពីឆ្នាំ២​០០០​ ដល់ឆ្នាំ២០០៣​ ចូលជួបសម្តែងការគួរ​សម

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីអញ្ជើញជួបឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យ ឯកឧត្តម Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ ចូលជួបសំដែងការគួរសម។

ឯកឧត្តម Gotaro OGAWA បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរាករីយណាស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីម្តងទៀត។ ឯកឧត្តមបន្តថា កន្លងមកឯកឧត្តមធ្លាប់តែបានឮថា រាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញនូវភាពខុសប្លែក ភាពរីកចំរើន ការរីកដុះដាលនៃសំណង់អគារថ្មីៗ និងខ្ពស់ៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះ ឯកឧត្តមឃើញជាក់និងភ្នែក កម្ពុជាពិតជាមានការរីកចម្រើន មានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនិងឆ្នាំ២០០៣ ក្នុងពេលដែលរូបឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូត និងចាកចេញពីកម្ពុជា។ ក្នុងជំនួបគ្នានោះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ចំពោះការអភិវឌ្ឍរីកចម្រើនទាំងអស់នោះ ដែលជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ និងបានគោរពជម្រាបជូនសម្តេចតេជោបន្ថែមថា បើទោះបីជារូបឯកឧត្តម បញ្ចប់បេសកកម្មការទូតនិងចាកចេញពី ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាអាទិ៍នៅពេលនេះ ឯកឧត្តមកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យទី១) ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌ ,ទី២)ផ្នែកច្បាប់ និងទី៣)លើវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជាសំរាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ ឯកឧត្តម Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងនៃប្រទេសទាំងពីរផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា។ ក្នុងជំនួបគ្នានោះផងដែរ សម្តេចតេជោបានស្នើសុំឯកឧត្តម Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមខាងមុខ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img