សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍មួយចំនួន ជុំវិញការងើបឡើងវិញនៃវិស័យទេសចរណ៍។ ក្នុងនោះ ក៏បានជំរុញឲ្យយកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ផងដែរ។
ការដាក់ចេញនូវអនុសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី ២ ឆ្នាំ ២០២២-២០២៣)។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខ្ញុំស្នើសុំឲ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ ២០២៣ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា»។
ជាមួយគ្នានោះ សម្តេចក៏បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ និងប្រជាជនចូលរួមក្នុងយុទ្ធនាការ កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ផងដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការជំរុញផែនការវវិស័យទេសចរណ៍នេះ ដោយសាតែបញ្ហាកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទៅលើវិស័យទេសចរណ៍។ សម្តេចថា វិស័យមួយចំនួនដូចជា៖ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងសេវាកម្មមួយចំនួនបានងើបឡើងវិញហើយ តែវិស័យទេសចរណ៍ កំពុងស្ថិតនៅក្នុងសភាពរើបៗឡើងវិញ ហើយឥឡូវបញ្ហាថ្មីក៏បានចូលមកដល់ ដែលអាចនាំទៅដល់ការបំផ្លាញវិស័យទេសចរណ៍ថែមទៀត គឺសង្គ្រាម និងទណ្ឌកម្ម។ បញ្ហានេះ បានបង្កើតឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News