26.3 C
Phnom Penh
Thursday, June 23, 2022

សម្ដេចក្រឡាហោម ស ខេង ប្រកាសចូលកាន់មុខតំណែងនាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសចូលកាន់មុខតំណែងនាយកសាលា នាយករងសាលា និងប្រធាននាយកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោសម្រេចបង្កើតអង្គភាពថ្មីមួយមានថ្នាក់ស្មើអគ្គនាយកដ្ឋាន គឺសាលាជាតិរដ្ឋបាលមូលដ្ឋាននេះ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ជាមួយសមិទ្ធផលដែលសម្រេចបានជាបន្តបន្ទាប់មកនេះ នៅថ្ងៃនេះក៏ជារបត់ថ្មីមួយទៀតសម្រាប់ក្រសួងមហាផ្ទៃ ដែលបង្កើតអង្គភាពថ្មីមួយមានថ្នាក់ស្មើអគ្គនាយកដ្ឋាន គឺសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ម្យ៉ាងវិញទៀត ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាននេះ មិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣មកម្លេះ។ នៅពេលបង្កើតក្រសួងមហាផ្ទៃហើយនោះ សម្ដេចក៏ត្រូវបានគណបក្ស និងរាជរដ្ឋាភិបាល ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាប់ពីពេលនោះ និងក៏បានយកចិត្តទុកដាក់គិតគូរអំពីការរៀបចំឱ្យមានសាលាជាតិរដ្ឋបាល ដោយបង្កើតសាលាភូមិន្ទរដ្ឋបាល ដែលនៅក្បែរក្រសួងមហាផ្ទៃមកដល់សព្វថ្ងៃនេះ។ ក្រោយមកក៏បានប្រគល់សាលាភូមិន្ទរដ្ឋបាលឱ្យទីស្ដីការគណៈរដ្ឋមន្រ្តីគ្រប់គ្រង និងចុងក្រោយក៏ត្រូវបានប្រគល់ឱ្យស្ថិតក្រោមក្រសួងមុខងារសាធារណៈ។

ចំពោះសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលប្រកាសនាថ្ងៃនេះ បានដាក់គម្រោងរៀបចំសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន មានទីតាំងនៅភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម្រោងនេះ អាចនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការរៀបចំផែនការយុទ្ធសាស្រ្ត ការបណ្ដុះបណ្ដាលបែបជាក់ស្ដែងជាជាងទ្រឹស្ដី យកចិត្តទុកដាក់រៀបចំបរិយាកាសល្អៗ និងប្រកបដោយគុណប្រយោជន៍ ខិតខំពង្រឹង និងអភិវឌ្ឍន៍ការងារស្រាវជ្រាវនានា ព្រមទាំងពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី។ ដូច្នេះអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់ដំណើរការរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាននេះ។

សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន គិតគូរឱ្យបានរួចរាល់ពីឥឡូវនេះទៅ ពាក់ព័ន្ធនឹងការផ្ដល់ការលើកទឹកចិត្តជូនសាស្ត្រាចារ្យ និងគ្រូបង្រៀន ដូចដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំរួចរាល់ ពាក់ព័ន្ធនឹងការផ្ដល់តួនាទី និងកម្រិតថ្នាក់ជូនពួកគាត់ ដោយការរៀបចំការងារនេះបានល្អ និងអាចផ្ដល់ឱកាសឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន មានទាំងនិរន្តរភាព ព្រមទាំងអាចប្រមូលបានអ្នកចេះដឹងមកចូលរួមបណ្ដុះបណ្ដាលមន្ត្រី។

ជាមួយគ្នានេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតម្លើងឋានៈឱ្យស្មើអគ្គនាយកដ្ឋានកាលពីឆ្នាំ២០២១ ដោយមាននាយកដ្ឋាន៤ជាចំណុះ រួមមាន នាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ និងនាយកដ្ឋានបណ្ដុះបណ្ដាល៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត