29 C
Phnom Penh
Thursday, June 8, 2023

សមត្ថកិច្ច បញ្ជូនជនជាតិចិន០៤នាក់ ទៅតុលាការ បន្ទាប់ពីរកឃើញកំហុស៤ចំណុច របស់មជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល

ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចង្ក្រាបទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល ស្ថិតនៅអគារ One Park Building ផ្លូវលេខ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញកំហុសចំនួន៤ចំណុច ហើយបុគ្គលិកពេទ្យដែលជាជនជាតិចិនចំនួន០៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា កំហុសចំនួន៤ចំណុចគឺ ទី១. គ្រូពេទ្យជាជនជាតិចិន ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្ត្រ នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស ផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា ទី២. គ្រូពេទ្យជាអ្នកបច្ចេកទេស បានបង្ករបួសដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ ដោយបានបំពានលើកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ទី៣. នាំចូលស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ (ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារបរិក្ខាពេទ្យមិនមានចុះលេខប្រវេទន៍ ឬលេខបញ្ចិកា ពីក្រសួងសុខាភិបាលកម្ពុជា និងទី៤. ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព (ហួសសុពលភាព ឬក្លែងក្លាយ) ប្រើប្រាស់។

ក្រោយពីរកឃើញកំហុសទាំង៤នេះ ទីតាំងនេះ ត្រូវបានព្រះរាជអាជ្ញាសម្រេចឱ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៤រូប (ក្រុមគ្រូពេទ្យ ជនជាតិចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំពោះជនដែលពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ និងស្វែងរក ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់។ 

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងដែរថា ព្រឹត្តិការណ៍បង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្សដ៏ធំនេះ ធ្វើឡើងទៅតាមពាក្យបណ្តឹងជនរងគ្រោះ និងជាលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ក្រៅពីនេះ ក៏បានសង្កេតឃើញថា មានជនខិលខូចមួយចំនួនកំពុងបើកអាជីវកម្ម ខាងផ្នែកកែសម្ផស្ស ដែលមិនបានគោរពតាមច្បាប់របស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋដែលទៅទទួលសេវាគ្មានគុណភាព រងការប៉ះពាល់ដល់សុខភាព និងគ្មានសុវត្ថិភាពដល់អាយុជីវិតផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img