ជនជាតិឡាវចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជាមួយ
វត្ថុតាងគ្រឿងញៀន ១៣កញ្ចប់ធំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង០៥នាទី ស្ថិតនៅចំណុចស្ពានទី២ ក្នុងភូមិសាស្ត្រទឹកដី ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅជិតតំបន់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជាឡាវ។
សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនបានបញ្ជាក់ថា៖ ជនសង្ស័យ ទាំងពីរ ទី១ ឈ្មោះ កែវ គង់មឿង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណខេត្ត។ ទី២ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ។


សមត្ថកិច្ចបន្តថា៖ នេះជាសម្មភាពបន្លំភ្នែកសមត្ថកិច្ចព្រោះជនសង្ស័យបានប្រើប្រាស់រថយន្តពណ៌ខ្មៅពាក់ស្លាកលេខឡាវ បើកបរ ឆ្លងកាត់តាមច្រករបៀងចូលមកទឹកដីកម្ពុជា។ ហើយមសត្ថកិច្ច ដោយមានការសង្ស័យក៏បានឃាត់សាកសួរ និងត្រួតពិនិត្យលិខិតឆ្លងដែន និងនៅក្នុងរថយន្តដោយប្រទះឃើញធុងពណ៌បៃតងមួយ ច្នៃដាក់ស្កររងូ (កាកស្ករ) មួយកំណាត់លើនិងបិទសន្ទះពីក្នុង ហើយកម្លាំងសមត្ថកិច្ចបានកាត់ធុងប្រទះឃើញកញ្ចប់ថ្នាំញៀនដោយបង្កប់ជាមួយដីខ្សាច់ចំនួន១៣កញ្ចប់ធំ និងថ្លឹងជាក់ស្តែងមានទម្ងន់ជាង១២គីឡូក្រាម ( ១២.៧៤៥,២ គីឡូក្រាម)។


សូមបញ្ជាក់ថា៖ ជនសង្ស័យទាំង២នាក់ ក្រោយការឃាត់ខ្លួនជាក់ស្តែងជាមួយវត្ថុតាងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅស្នងកាតដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ៕








ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News