កោះកុង៖ ក្រុមជាងកំពុងតែមមាញ្ញឹកក្នុងការសាងសង់សំណង់វីឡាដ៏ធំស្កឹមស្កៃមួយកន្លែង សង្ស័យគ្មានលិខិត អនុញ្ញាតពីអាជ្ញាធរខេត្ត ស្ថិតនៅតាមបណ្ដោលផ្លូវចូលឃុំជ្រោយប្រស់ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា សំណង់វីឡាដ៏ធំស្កឹមស្កៃ ដែលកំពុងសាងសង់នេះបានសាងសង់រយៈពេលជិត២ឆ្នាំមកហើយ មានកម្ពស់៣ជាន់ E0 E1 E2 ជាន់ផ្ទាល់ដីទំហំ៣៩២ម៉ែត្រការ៉ ជាន់ទី១ទំហំ៣៩២ម៉ែត្រការ៉េ និងជាន់ដំបូលក្បឿង មានទំហំសរុប ស្មើនឹង៧៨៤ម៉្រែតការ៉េ ដែលមានទទឹង១៦ម៉្រែត បណ្ដោយ២៩,៩០ម៉្រែត ជាកម្មសិទ្ធរបស់លោកជា សាវី អភិបាលស្រុកកោះកុង ។
យោងអនុក្រឹត្យ ស្តីពីលិខិតអនុញ្ញាតសាងសង់ ចុះហត្ថលេខាដោយ សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសឱ្យប្រើប្រាស់ដោយសម្រេចនិរាករណ៍ អនុក្រឹត្យ ស្តីពីលិខិតអនុញ្ញាតសាងសង់កាលពីឆ្នាំ១៩៩៧ និងលិខិតបទដ្ឋានទាំងឡាយណា ដែលផ្ទុយពីអនុក្រឹត្យថ្មី នេះបន្ទាប់ពីច្បាប់ ស្តីពីសំណង់ត្រូវបានបង្កើតឡើងជាលើកដំបូង និងត្រូវបានព្រះមហាក្សត្រ ប្រកាសឱ្យប្រើកាលពី ខែវិច្ឆិកា ឆ្នាំ២០១៩។
ចំពោះសំណង់ដែលមានផ្ទៃក្រឡា កម្រាលសំណង់ធំ ជាង៥០០ម៉ែត្រការ៉េ ដល់៣,០០០ម៉ែត្រការ៉េ ទាបជាង ឬស្មើ១១ជាន់ ( គិតទាំងជាន់ផ្ទាល់ដី និងគ្មានជាន់ក្រោមដី) ត្រូវធ្វើការស្នើ សុំលិខិតអនុញ្ញាតសាងសង់នៅរាជធានី-ខេត្ត។ រីឯអភិបាល នៃគណៈអភិបាលក្រុងស្រុក ខណ្ឌ ដោយមាន ការិយាល័យរៀបចំដែនដី ជាសេនាធិការអាចមានសមត្ថកិច្ចផ្តល់លិខិតត្រឹមតែសំណង់លំនៅឋាន ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបយ៉ាងតិច ឬស្មើ ៥០០ម៉ែត្រក្រឡា ដោយគ្មានជាន់ផ្ទាល់ដី និងអនុញ្ញាតត្រឹមរបងបេតុង ដែលមានកម្ពស់ទាប ឬស្មើ៣ម៉ែត្រប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងសំណង់វីឡាដ៏ធំស្កឹមស្កៃ ខ្ទង់ជិតលានដុល្លារបស់លោកជា សាវី អភិបាលស្រុកកោះកុង អ្នក យកព័ត៌មានយើងបានទំនាក់ទំនង តាមប្រព័ន្ធតេឡេក្រាមទៅ លោក ត្រេន សុផល ប្រធានស្តីទីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកោះកុង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយលោកបានឆ្លើយថា ដោយសារលោកជា សាវី រង់ចាំឯកសារកាត់ផ្ទេរឈ្មោះកម្មសិទ្ធមិនបានទាន់រួចរាល់ ហើយសំណើរសូមសាង់សង់លោកជា សាវីបានរៀបចំធ្វើរួចរាល់អស់ហើយ រងចាំតែឯកសារកាត់ឈ្មោះតែប៉ុណ្ណោះ។
ចំណែកលោក នួន ពន្លឺ អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង ទទួលបន្ទុកការងារសំណង់ បានឲ្យដឹងតាមទូរស័ព្ទថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ថា លោកមិនបានដឹងទេ សូមសួរទៅលោកអភិបាលស្រុកលោក ជា សាវី និងលោកប្រធានភូមិបាលវិញទៅ លោករងចាំតែលិខិតស្នើសុំទេ ។
ជុំវិញបញ្ហានេះដែរ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង បាន ឲ្យដឹងតាម ទូរស័ព្ទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលថា សំណង់របស់លោកជា សាវីអភិបាលស្រុកកោះកុងមិនទាន់មានច្បាប់អនុញ្ញាតឲ្យសាងសង់ទេ ហើយលោកនឹងសួរបញ្ជាក់ទៅលោកប្រធានស្តីទីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកោះកុងបន្ថែម ។
មជ្ឈដ្ឋាននានាបានលើកឡើងថា នេះប៉ះចំសំណង់ថ្នាក់អភិបាលស្រុក បានជាលោកប្រធានស្ដីទីភូមិបាលស្រុក និងលោកអនុប្រធានមន្ទីរ ទទួលបន្ទុកសំណង់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ ខេត្តកោះកុង មិនហ៊ានមានវិធានការទុកឲ្យលោកជា សាវី អភិបាលស្រុកកោះកុងអាចសាងសង់បានយ៉ាងរលូនរយៈពេលជិតពីរឆ្នាំមកហើយ ប៉ុនែ្តបើប៉ះចំសំណង់របស់ប្រជាពលរដ្ឋតូចតាចដែលគ្មានខ្សែរ គ្មានខ្នងនោះប្រហែលជាអស់លោកទាំងអស់មិនទុកឲ្យសាងសង់យូរខែ ឆ្នាំបានយ៉ាងរំភើយបែបនេះទេ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News