អ្នកជំនាញផ្នែកវិស្វកម្មនិយាយថា ការធ្វេសប្រហែសរបស់មនុស្សបានរួមចំណែកដល់គ្រោះថ្នាក់ នៅឯការប្រគុំតន្ត្រីរបស់ក្រុមចម្រៀងប្រុស Mirror ខណៈដែលក្រុមមន្ត្រីមូលដ្ឋាន និងអ្នករៀបចំកម្មវិធី ជាអ្នកសាងកំហុសខ្លាំងជាងគេ ដែលមិនអាចធានាសុវត្ថិភាពជូនអ្នកចូលរួម។


អ្នកជំនាញ២រូប បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត SCMP ថា ក្នុងឧបទ្ទវហេតុធ្លាក់ LED គឺជាកំហុសឆ្គងរបស់អ្នករៀបចំកម្មវិធី មន្ត្រីមូលដ្ឋាន និងអ្នកបច្ចេកទេសដែលដំឡើងអេក្រង់ដោយពុំបានពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ។
លោក Louis Szeto Ka Sing អតីតប្រធានវិទ្យាស្ថានវិស្វករហុងកុង ផ្នែកមេកានិច មានប្រសាសន៍ថា ប្រសិនមានការប្រុងប្រយ័ត្នលើខ្សែចង វាក៏អាចទប់ទម្ងន់អេក្រង់ LED បានខ្លះ បើទោះជាដាច់ក៏ដោយ។ លោកថា ខ្សែដែកដែលភ្ជាប់ទៅនឹងម៉ូនីទ័រ ដោយអាចទទួលបន្ទុកទម្ងន់អេក្រង់ LED ប្រមាណ ២៥ភាគរយ មិនបានចងត្រឹមត្រូវទេ ដូច្នេះហើយទើបបានជាវាធ្លាក់មួយទំហឹងមក រហូតធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។


វិស្វកររូបនេះបន្តថា អាជ្ញាធរ និងងអ្នករៀបចំកម្មវិធី ពុំយកចិត្តទុកដាក់គ្រប់គ្រាន់ ហើយពុំមានការដំឡើងដោយសុវត្ថិភាពឡើយ ទើបបាន LED ធ្លាក់ចុះមកយ៉ាងខ្លាំងបែបនេះ។


ដោយឡែក លោក Lo Kok Keung វិស្វករចូលនិវត្តន៍មកពីសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង បានចោទប្រកាន់ថា ការដំឡើងអេក្រង់យក្សនេះ ត្រូវបានធ្វើឡើងដោយមិនមានការត្រួតពិនិត្យហ្មត់ចត់ឡើយ ហើយនេះសុទ្ធតែជាកំហុសរបស់ក្រុមហ៊ុនហ៊ុនដំឡើងទាំងអស់។


ទោះយ៉ាងណា បច្ចុប្បន្នឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ចំណែកអ្នករៀបចំការប្រគុំតន្ត្រី ក៏បានធានាសងថ្លៃខូចខាតនានាផងដែរ៕
ដោយ៖ ពុទ្ធិញ៉ូស៍
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News