30 C
Phnom Penh
Thursday, June 30, 2022

វិបត្តិកូវីដ-១៩ ធ្វើឱ្យការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប មានការរអាក់រអួលខ្លះ ប៉ុន្តែក្រុមហ៊ុនអះអាងថា នឹងខិតខំជំរុញឱ្យសម្រេចតាមផែនការ

សៀមរាប៖ ក្រុមមន្ត្រីបានឱ្យដឹងថា ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប កាលពីឆ្នាំ២០២១កន្លងទៅនេះ បានជួបប្រទះបញ្ហាមួយចំនួន ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោង។

លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតម្រង់ទិសសម្រាប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប -អង្គរ បានលើកឡើងនៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា នៅឆ្នាំ២០២១កន្លងទៅ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលអនុវត្តន៍ដោយក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) មានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ បើទោះបីជាប្រឈមមុខជាមួយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ក្ដី។ លោកបន្តថា ជំងឺកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះការងារសាងសង់ខ្លះ ដូចជាទំនិញនាំចូលឡើងថ្លៃ ការយឺតយូរក្នុងការដឹកជញ្ជូន ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមការងារនៅតែប្រឹងប្រែងអនុវត្តទៅតាមដែលអាចធ្វើបាន។

បើទោះយ៉ាងនេះក្តី លោករដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃជារួមថា ក្នុងឆ្នាំ២០២២ ខាងមុខ តាមការវាយតម្លៃ លើការងារសាងសង់ជារួមរបស់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងសម្រេចបានរហូតដល់៧០ភាគរយ ទន្ទឹមនោះក្រុមការងារ ក៏នឹងត្រៀមក្រុមប្រតិបត្តិមួយ ដើម្បីត្រៀមផ្ទេរសកម្មភាពការងារទាំងអស់ពីព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ។

លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប-អង្គរ បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២១កន្លងមកនេះបើទោះបីជាប្រឈមជាមួយការរាតត្បាតជំងឺកូវីដ-១៩ និងការបង្កភាពមិនអំណោយផលពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមការគាំទ្រនិងការជួយចង្អុលបង្ហាញរបស់គណៈកម្មការតម្រង់ទិសសម្រាប់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រសួងស្ថាប័នពាក់ព័ន្ធជាមួយ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យក្រុមហ៊ុនអាចជម្នះបាននូវភាពដ៏លំបាកនេះ ពន្លឿនការជំរុញអភិវឌ្ឍន៍កិច្ចការចម្បងចំនួន៣ រួមមាន ៖ កិច្ចការងារសាងសង់ , កិច្ចត្រៀមសម្រាប់ដំណើរការប្រតិបត្តិការ និងកិច្ចការសហប្រតិបត្តិការវិនិយោគ។

លោក LU WEI បន្តថា សម្រាប់ឆ្នាំ២០២២ គឺជាឆ្នាំសាងសង់យ៉ាងមមាញឹក និងឆ្នាំចាប់ផ្តើមការត្រៀមដាក់ឱ្យដំណើរការប្រតិបត្តិរបស់គម្រោង ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់រដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជាក្រោមការសម្របសម្រួលនិងការណែនាំពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុននឹងជម្នះរាល់ឧបសគ្គនិងការលំបាក ដើម្បីគោលដៅសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរ ដាក់ឱ្យដំណើរការអាកាសយានដ្ឋានក្នុងឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ និង ទទឹងប្រវែង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់ ស្ថិតក្រោកកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត