

ភ្នំពេញ ៖ វិនិយោគិនក្នុងស្រុកមួយរូប ដែលកំពុងធ្វើអាជីវកម្ម លើវិស័យធនាគារ បានលើកឡើងថា ការចូលរួមចំណែក ក្នុងការវិនិយោគ ទិញសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ហៅកាត់ថា CAIC ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសាងសង់ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនោះ គឺជាការបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការរួមចំណែកលើកស្ទួយ ដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចជាតិ ជាពិសេសដើម្បីលើកស្ទួយមុខមាត់ របស់ប្រទេសជាតិទាំងមូល បង្ហាញជូនទៅឆាកអន្តរជាតិ អំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ថែមទៀតផង។


នេះបើតាមប្រសាសន៍លោក ឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន CAIC និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក សម្រាប់ការវិនិយោគ សញ្ញាបណ្ណមានបុគ្គលធានា ចំនួន១០លានដុល្លារអាមេរិក របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។ “ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ និងក្នុងនាមម្ចាស់ធនាគារក្នុងស្រុក ខ្ញុំគិតថា បើខ្ញុំមានឱកាសក្នុងការចូលរួមចំណែកណាមួយ ខ្ញុំមានមោទនភាពខ្លាំង ហើយក៏ជាមោទនភាព របស់ធនាគារខ្មែរយើងផងដែរ”, នេះបើតាមសម្តីលោកឧកញ៉ា។ លោកបន្ថែមថា “ប្រលានយន្តហោះអន្តរជាតិនេះ មានបានប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយខ្ញុំរំពឹងថា តាមរយៈប្រលានថ្មីនេះ នឹងទាក់ទាញអ្នកវិនិយោគ មករកស៊ីនៅកម្ពុជាកាន់តែច្រើន”។


ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈគម្រោងនេះ បច្ចុប្បន្នសម្រេចបាន៣០% ដែលបានចំណាយទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយក្រុមហ៊ុន CAIC នោះទេ។


សូមជម្រាបថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាស ចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ៕








អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews