30 C
Phnom Penh
Saturday, June 25, 2022

លោក ហ៊ុន ម៉ានី៖ ក្នុងនាមយុវជន ជាអ្នកបន្តវេនត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគ វាសនាអនាគតរបស់ប្រទេសជាតិ

ស្តាប់អត្ថបទជាសំឡេង

កំពត៖ ប្រធានាសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជា សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលជាយុវជនត្រូវបន្តវេន គឺត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ  ដោយមិនត្រឹមតែធ្វើសកម្មភាពជួយលើការងារសង្គម និងការងារមនុស្សធម៌ប៉ុណ្ណោះទេ គឺត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពបន្តខិតខំបន្ថែមទៀតឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំរៀនសូត្រពីគម្រូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំ ទាំងការគិត និងការអនុវត្តការងារ។ 

ការលើកឡើងដូចនេះរបស់ លោក ហ៊ុន ម៉ានី នៅក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

 ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី  បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ផងដែរចំពោះលទ្ធផលការងារដែល ស.ស.យ.ក. ខេត្តកំពត បានសហការល្អជាមួយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដើម្បីបម្រើការងារសង្គម និងមនុស្សធម៌ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរនារយៈពេលកន្លងមក។ ហើយលោកក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងផ្តល់ឱកាសដល់សមាជិក ស.ស.យ.ក. តាមមូលដ្ឋាននីមួយៗ ដោយបានសហការយ៉ាងល្អប្រសើរ។ សកម្មភាពទាំងអស់របស់ សមាជិក សមាជិកា ស.ស.យ.ក. គឺកើតចេញពីការលះបង់របស់របស់សមាជិក សមាជិកា នៅទូទាំងប្រទេស ហើយត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជន ដោយបានផ្សារភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋាន ស.ស.យ.ក. ទៅនឹងសកម្មភាពល្អៗ និងភាពវិជ្ជមានសម្រាប់សង្គម។ 

ជាមួយគ្នានោះដែរលោកប្រធាន ស.ស.យ.ក. ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដោយលើកបញ្ជាក់ថា ក្នុងនាមជាយុវជន ជាអ្នកបន្តវេន ដែលត្រូវមានភារកិច្ចថែទាំ ទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ គឺមិនត្រឹមតែធ្វើសកម្មភាពជួយលើសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ គឺត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំរៀនសូត្រពីគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំ ទាំងការគិត និងការអនុវត្តការងារ។

ទន្ទឹមនឹងនេះ លោក ម៉ៅ ធនិន អភិបាលខេត្ត  ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ទាំងស្មារតីសម្ភារ និងថវិការបស់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពតទាំងអស់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការបណ្ដុះបណ្ដាលយ៉ាងសកម្ម ចូលរួមកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានដាក់ចេញ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត