កំពង់ចាម ៖ លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះថា សមិទ្ធផលជាច្រើន នៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែក របស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ០៣សំខាន់ រួមមាន៖


-ទី១. គឺតួអង្គក្មួយៗ ដែលបានខិតខំរៀនសូត្រ។ សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យក្មួយៗមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។


-ទី២. គឺតួអង្គឪពុកម្តាយ អាណាព្យាបាល ដែលចិញ្ចឹមបីបាច់ថែរក្សាដោយទំនុកបម្រុងគ្រប់បែបយ៉ាង។ ជោគជ័យលើការសិក្សា និងការងាររបស់ក្មួយៗ គឺជាការតបស្នងសងគុណមួយ ក៏ស័ក្តិសមបំផុតសម្រាប់ពួកគាត់។


-ទី៣. គឺតួអង្គលោកគ្រូ អ្នកគ្រូ។ ពេលមកដល់សាលា គឺមានលោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២។ សិស្សៗម្នាក់មានសំបកតួខ្លួនខាងក្រៅ ឯកលោកគ្រូ អ្នកគ្រូ ជាអ្នកបំពេញឱ្យយើងនៅខាងក្នុង ទាំងចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាព ដើម្បីក្លាយជាធនធនសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំង តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះ គឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទំាងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារ នៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ។ ការបន្តុះបង្អាប់ណាមួយ មកលើធនធានមនុស្សខ្មែរ ដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។


ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ផងដែរ។ ការរៀបចំដោយហ្មត់ចត់ លើការប្រឡងទាំងអស់ គឺធ្វើយ៉ាងណាឱ្យជាប់ គឺជាប់ដោយមោទនភាព និងបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត ដើម្បីធានាបាននូវគុណភាពនៃការអប់រំ ព្រមទាំងមោទនភាពសម្រាប់គ្រួសារ និងសង្គមជាតិ៕














អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews