28 C
Phnom Penh
Saturday, July 13, 2024

លោក ពូទីន នឹង លោក គីម ជុងអ៊ុន សន្យាពង្រឹងទំនាក់ទំនងគ្នាអោយកាន់តែខ្លាំង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រនៅថ្ងៃអង្គារ ទី១៥ ខែសីហា នេះ អមជាមួយការសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។ 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការឆ្លើយឆ្លងសំបុត្រខាងលើធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពី អាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) ដែលនៅកូរ៉េខាងត្បូងក៏ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិមួយផងដែរ។ នៅក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថាទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៉ី ត្រូវបានបង្កើតឡើងនៅក្នុងសង្រ្គាមលោកលើកទី២ ជាមួយជ័យជម្នះលើជប៉ុន។

លោក គីម បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងរឹងមាំថាទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព…នឹងត្រូវបានអភិវឌ្ឍបន្ថែមឆ្ពោះទៅកាន់ភាពជា ដៃគូយុទ្ធសាស្ត្រយូរអង្វែង ស្របទៅតាមតម្រូវការនៃយុគសម័យថ្មី។ ប្រទេសទាំង២ នឹងទទួលបានជ័យជម្នះជារៀងរហូត ក៏ដូចជាគាំទ្រពេញទំហឹង និងធ្វើកិច្ច សហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក នៅក្នុងទិសដៅសម្រេចឱ្យបាននូវគោលដៅ និងបុព្វហេតុរួម»។

គួរបញ្ជាក់ថា​ ជាការឆ្លើយតបនឹងលោក គីម លោក ពូទីន ក៏បានសន្យាដែរថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ សម្រាប់សុខមាភាពនៃប្រជាជនប្រទេសទាំង២ និងស្ថិរភាព ព្រមទាំងសន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសានទាំងមូល៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img