35 C
Phnom Penh
Monday, September 9, 2024

លោក ប៉ែន សុវិជាតិ៖ ប្រទេសកម្ពុជាពិតជាខ្លាំង !!!!! បើទោះបីមិននាំចូល ក៏កម្ពុជា នៅមានប្រេងសាំងសម្រាប់ប្រើប្រាស់ពី១៥ទៅ២០ថ្ងៃដែរ

អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានអះអាងថា កម្ពុជាមានប្រេងបម្រុងទុកច្បាស់លាស់ ដោយក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងជំនាញផ្សេងៗ និងមានការចូលរួមពីវិស័យឯកជន។ ដូច្នេះហើយ ទោះបីជាកម្ពុជាមិននាំប្រេងចូលក្នុងរយៈពេល ១៥ទៅ ២០ថ្ងៃ ក៏កម្ពុជាមិនខ្វះខាតប្រេងសាំងសម្រាប់ប្រើប្រាស់ឡើយ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា មុននឹងមានវិបត្តិកូវីដ-១៩ និងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន កម្ពុជា មានការកំណត់នូវសន្និធិពាណិជ្ជកម្ម(ស្តុក) ប្រេងច្បាស់លាស់យ៉ាងហោចណាស់មួយខែ ទោះបីជួបករណីដោយប្រការណាមួយមិនបាននាំចូលប្រេង ក៏កម្ពុជា មានប្រេងស្តុកទុកសម្រាប់ប្រើប្រាស់។ ប៉ុន្តែក្រោយពីមានវិបត្តិទាំងពីនេះកើតឡើង ស្ថានភាពប្រែប្រួល កម្ពុជាមានសន្និធិពាណិជ្ជកម្មរយៈពេល ១៥-២០ថ្ងៃ ទោះគ្មានការនាំចូលប្រេង ក៏កម្ពុជានៅមានប្រេងក្នុងប្រទេស។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា៖ “ជារៀងរាល់មួយសប្តាហ៍ ឬ ៤-៥ថ្ងៃម្តង បើប្រេងក្នុងប្រទេសអស់ យើងអាចទិញតពី ថៃ វៀតណាម ឬ សិង្ហបុរី ដែលជាប្រទេសនាំចូលប្រេង មានន័យថា យើងនៅក្នុងចំណុចកណ្តាលនៃប្រភពប្រេង។ ដូច្នេះយើងមានហានីភ័យទាបចំពោះបញ្ហានេះ នៅពេលដែលក្រសួងពាណិជ្ជកម្មនិងក្រសួងជំនាញផ្សេងទៀត និងវិស័យឯកជនចូលរួមគ្នាអនុវត្តន៍និងគ្រប់គ្រងសន្និធិពាណិជ្ជកម្មបានល្អប្រសើរ”។

យ៉ាងណាក៏ដោយ លោក ប៉ែន សុវិជាតិ មិនបានបញ្ជាក់ឱ្យដឹងនោះទេថា នៅពេលនេះ កម្ពុជាមានប្រេងបម្រុងទុកក្នុងឃ្លាំងចំនួនប៉ុន្មាននោះ។ ប៉ុន្តែ លោកបានអំពាវនាវដល់សាធារណជនគ្រប់រូបឱ្យមានស្មារតីសន្សំសំចៃខ្ពស់ចំពោះការធ្វើដំណើរផ្សេងៗ ប្រសិនបើមិនចាំបាច់ទេ កុំប្រើប្រាស់រថយន្ត អាចធ្វើដំណើរដោយកង់ជាដើម៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img