30 C
Phnom Penh
Thursday, November 28, 2024

លោក ត្រាំ តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បានប្រកាសតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសទទួល បន្ទុកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នេះបើតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Keith Kellogg ត្រូវបានរាយការណ៍ថាធ្លាប់បានធ្វើបទបង្ហាញអំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដល់លោក ត្រាំ។ ផែនការរបស់លោក Kellogg ដើ​ម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះ មានទាំងការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។ តាមរយៈផែនការនេះ វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៉ីនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើបណ្ដេញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសពីការតែងតាំងលោកឧត្តមសេនីយ៍ Keith Kellogg ជាជំនួយការរបស់ប្រធានាធិបតី និងជាបេសកជនពិសេសសម្រាប់អ៊ុយក្រែន និងរុស្ស៉ី»។ លោក ត្រាំ បន្តថាលោក Keith Kellogg បានដឹកនាំយោធា និងធុរកិច្ចប្រកបដោយជោគជ័យ ក្នុងនោះធ្លាប់បម្រើការងារខាងកិច្ចការសន្តិសុខជាតិ នៅក្នុងអាណត្តិដំបូងរបស់លោក។

គួរបញ្ជាក់ថា លោក Keith Kellogg ធ្លាប់បម្រើការដោយកាន់តំណែងជាច្រើន អំឡុងអាណត្តិទី១របស់លោក ដូណាល់ ត្រាំ ដូចជាកាន់តំណែងជានាយសេនាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ និងជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតអនុប្រធានាធិបតី លោក Mike Pence។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោក Keith Kellogg ធ្លាប់បានលើកឡើងកាលពីដើមឆ្នាំ២០២៤ថា ទីក្រុង វ៉ាស៊ីនតោន គួរតែប្រើប្រាស់ជំនួយយោធាសម្រាប់អ៊ុយក្រែន ជាមធ្យោបាយដាក់សម្ពាធជំរុញឱ្យមានកិច្ចចរចាសន្តិភាព៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img