31 C
Phnom Penh
Friday, December 1, 2023

លោក កឹម សុខា ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តសៀមរាបថា «លោកចប់គ្នាជាមួយ សម រង្ស៉ី ហើយ»

(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះថា លោក និងលោក សម រង្ស៉ី បានបញ្ចប់សម្ព័ន្ធភាពជាមួយគ្នាហើយ ដោយលោក សម រង្ស៉ី បានចាកចេញទៅចូលរួមគណបក្សភ្លើងទៀន ហើយបានវាយប្រហារមកលើរូបលោកថែមទៀត។

សំឡេងថ្មីមួយរបស់លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី (RFA) នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះថា សារសំឡេងរបស់ លោក កឹម សុខា ថ្លែងចេញពីខេត្តសៀមរាប អំឡុងជួបសំណេះសំណាលជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានប្រកាសថា «លោកចប់គ្នាជាមួយ សម រង្ស៉ី ហើយ»។

នៅក្នុងសំឡេងនោះ លោក កឹម សុខា បានបញ្ជាក់ប្រាប់អ្នកគាំទ្រអមដោយការទះដៃសាទរដូច្នេះថា៖ «កាលមុន ខ្ញុំត្រូវជាមួយ សម រង្ស៉ី។ ឥឡូវនេះ សម រង្ស៉ី គាត់ដើរចេញហើយ គាត់ទៅភ្លើងទៀន គាត់ដើរចេញហើយតើមានត្រូវអីទៀត ចប់ ! គាត់ចេញនេះមិនមែនត្រឹមចេញទេ គាត់វាយប្រហារខ្ញុំទៀតថា “លោក កឹម សុខា ឯងនេះខុសធ្ងន់ណាស់”»។

ទន្ទឹមនឹងការបញ្ជាក់ដល់អ្នកគាំទ្រអំពីការផ្តាច់សម្ព័ន្ធភាព លោក កឹម សុខា ក៏បានរិះគន់បែបចំអកដល់ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានប្រភពចេញពីគណបក្សសិទ្ធិមនុស្ស និង លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានចេញទៅបង្កើតគណបក្សនយោបាយដទៃ ហើយមិនទទួលបានអាសនៈអ្វីសោះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះផងដែរ។

នេះជាការប្រកាសលើកទី២ របស់ លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ អំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី ដែលជាដៃគូនយោបាយ រយៈពេលខ្លីរបស់លោក។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសវនាការ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កឹម សុខា ក៏បានប្រកាសអំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមដែលកំពុងរស់នៅនិរទេសនេះផងដែរ។ នៅក្នុងសវនាការនោះលោក កឹម សុខា បានលើកឡើងដូច្នេះថា៖ «ចប់ហើយ ! ខ្ញុំជាមួយលោក សម រង្ស៉ី ខ្ញុំសូមជម្រាបជូនច្បាស់ហើយ អត់មាន សម រង្ស៉ី កឹម សុខា តែមួយទៀតទេ»។

ការប្រកាសផ្តាច់សម្ព័ន្ធភាពជាសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីក្រុមលោក កឹម សុខា និង ក្រុមលោក សម រង្ស៉ី បានវាយប្រហារគ្នាជាបន្តបន្ទាប់ ដោយទម្លាក់កំហុសដាក់គ្នាអំពីភាពរងគ្រោះនៃគណបក្សសង្រ្គោះជាតិ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា ក៏ធ្លាប់បានចេញប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img