30 C
Phnom Penh
Saturday, October 1, 2022

លោកស្រី ផេឡូស៊ី និងសេតវិមាន បញ្ជាក់ថា “គោលនយោបាយចិនតែមួយ” របស់សហរដ្ឋអាមេរិក មិនបានផ្លាស់ប្ដូរទេ

(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងសេតវិមានបានអះអាងថា “គោលនយោបាយចិនតែមួយ” របស់សហរដ្ឋអាមេរិក មិនបានផ្លាស់ប្ដូរ ដោយសារតែការបំពេញដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីទៅកាន់កោះតៃវ៉ាន់ ដែលកំពុងធ្វើឱ្យចិន ក្ដៅស្លឹកត្រចៀកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយក្រុមសមាជិកសភាអាមេរិកទាំង២ រាប់សិបនាក់ ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅឡើយដែលលោកប្រធានាធិបតី ចូ បៃដិន ដែលត្រូវបានគេរាយការណ៍ថាមិនទាន់បាននិយាយជាមួយលោកស្រីឡើយ ចាប់់តាំងពី ប្រធានសភាតំណាងរាស្ត្ររូបចេញដំណើរឆ្ពោះមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដូចគ្នាទៅនឹងលោកស្រីផេឡូស៊ីដែរ ខាងសេតវិមានតាមរយៈអ្នកនាំពាក្យលោក ចន ឃឺប៊ី ក៏បានបញ្ជាក់ដែរថាលោកស្រី ផេឡូស៊ី មានសិទ្ធិបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់ដោយការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ ព្រោះសភាអាមេរិកគឺជាស្ថាប័ននិតិបញ្ញាត្តិមិនចំណុះឱ្យរដ្ឋាភិបាល។ ប៉ុន្តែ លោក ឃឺប៊ី នៅតែសង្កត់ធ្ងន់ថាគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរឡើយ ហើយទីក្រុងវ៉ាស៊ីនតោនមិនគាំទ្រឱ្យតៃវ៉ាន់ប្រកាស ឯករាជ្យឡើយ។

យ៉ាងណាក៏ដោយ នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយកាសែត Washington Post ភ្លាមៗក្រោយទៅដល់តៃវ៉ាន់ លោកស្រីផេឡូស៊ី បានគូសបញ្ជាក់ពីច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលនៅក្រោមច្បាប់នេះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួន។ “ថ្ងៃនេះ សហរដ្ឋអាមេរិកត្រូវតែចងចាំចំពោះការប្ដេជ្ញាចិត្តនេះ។ យើងត្រូវឈរនៅជាមួយតៃវ៉ាន់ដែលជាកោះមួយមានការតស៊ូបំផុត”។ នេះជាការ បញ្ជាក់របស់លោកស្រីផេឡូស៊ី។

គួរបញ្ជាក់ថា ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុ ហើយបានប្រកាសធ្វើសមយុទ្ធ យោធាឡោមព័ទ្ធតៃវ៉ាន់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៧ ខែសីហានេះ។ លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបានធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត