26 C
Phnom Penh
Friday, June 24, 2022

លោកស៊ុយ សែម៖ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ពេលជាប់ឆ្នោតត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ

ស្តាប់អត្ថបទជាសំឡេង

ពោធិ៍សាត់៖ លោក ស៊ុយ សែម ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ និងលោកជាវ តាយ ប្រធានគណកម្មាធិការគណៈបក្សខេត្ត កាលពីចុងសប្តាហ៍កន្លងទៅ បានជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណតិ្តទី៥ (ឆ្នាំ២០២២-២០២៧) នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ។

លោកស៊ុយ សែម មានប្រសាសន៍ថា ផែនការការងារ ឆ្ពោះទៅកាន់ការបោះឆ្នោតរបស់ខេត្តពោធិ៍សាត់ តម្រូវឱ្យប្រធានក្រុមការងារ និងប្រធានគណៈបក្ស មានភារកិច្ចចុះជួបបេក្ខជនដែលជាប់ឆ្នោតគ្រប់ក្រុងស្រុកក្នុងខេត្តពោធិ៍សាត់ទាំងអស់។

សម្រាប់អាណត្តិទី៥នេះ គ្រប់ភូមិឃុំស្រុកក្នុងខេត្តពោធិ៍សាត់ បានរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ទាំង៤៩រួចរាល់ហើយ គឺធ្វើទៅតាមផែនការចង្អុលចុះរបស់គណបក្ស។ ទី១ ជ្រើសរើសបេក្ខជននៅក្នុងក្រុមប្រឹក្សាឃុំ ទី២ជ្រើសរើសនៅក្នុងសកម្មជន ទី៣ជ្រើសរើសនៅក្នុងក្រុមយុវជន ដែលតាមគោលការណ៍ឱ្យមានយុវជនមួយភាគបី ចូលប្រឡូកក្នុងការងារជាមួយចាស់ៗជាអ្នកបន្តវេណ ហើយចាស់ៗនៅជួយពីក្រោយក្មេងៗ សំខាន់ធ្វើយ៉ាងណារក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ មានសាមគ្គីល្អដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

លោកស៊ុយ សែម បានសំណូមពរទាំងអ្នកឈរឈ្មោះ ទាំងអ្នកមិនបានឈរឈ្មោះ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ទាំងទស្សនៈ និងគោលជំហរឱ្យបានល្អ។ ហើយទន្ទឹមនេះ ត្រូវផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលកើតមានក្នុងមូលដ្ឋានភូមិឃុំ របស់រាជរដ្ឋាភិបាល របស់ក្រុមការងារចុះមូលដ្ឋាន និងរបស់សប្បុរសជនជាដើម ដែលអ្វីៗកើតឡើងបាននេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការយកជីវិតទៅប្ដូររបស់សម្ដេចតេជោ ហ៊ុន សែន។ ខិតខំពង្រឹងនិងពង្រីកសមាជិកបក្សឱ្យបានរឹងមាំ កាន់តែធំធាត់ថែមទៀត និងអនុវត្តនូវគោលការណ៍ (សមាជិកបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក)។

លោកស៊ុយ សែម បានផ្ដាំផ្ញើរដល់បេក្ខជនទាំងអស់ ពេលជាប់ឆ្នោតត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង សាមញ្ញឆាប់រហ័ស ឥតគិតថ្លៃ នូវការងារប្រចាំថ្ងៃមួយចំនួនដូចជា៖ ការចុះបញ្ជីរសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតស្នាមផ្សេងៗទៀត ដែលជាការចាំបាច់របស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា បញ្ហាមេឃុំចៅសង្កាត់ចុះហត្ថលេខាលើឯកសាររួចហើយ តែស្មៀនធ្វើជាយឺតយ៉ាវក្នុងការបោះត្រា ចង់រកផលប្រយោជន៍និងប្រព្រឹត្តអំពើពុករលួយណាមួយ សូមកុំឱ្យកើតមានឱ្យសោះនាំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ហើយស្អប់ដល់ថ្នាក់ដឹកនាំខាងលើដែលមិនបានដឹងអីសោះនោះ។ លោក សង្ឃឹមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ យើងនឹងរួមគ្នាធ្វើបានល្អនិងទទួលបានជោគជ័យគ្រប់ឃុំសង្កាត់ជាក់ជាមិនខាន។

ក្នុងឱកាសនោះ លោក ស៊ុយ សែម បានជូនថ្នាំពេទ្យព្យាបាលជំងឺកូវីដ-១៩ ប្រភេទស្រាលដល់បេក្ខជនឈរឈ្មោះ និងសមាជិកសមាជិកាដែលមកចូលរួមផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត