33 C
Phnom Penh
Thursday, June 23, 2022

លោកជំទាវ ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ដី ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆបោក និងចេញសែកស្អុយ

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនលោកជំទាវម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឲ្យអតិថិជន ក្នុងរឿងទិញ-លក់ដីខ្យល់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ ៤៧ឆ្នាំ ស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពបន្ថែមថា ការឃាត់ខ្លួនលោកជំទាវ ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណា បាន ហេង ហេង គ្រុប ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

ជុំវិញការឃាត់ខ្លួនលោកជំទាវ ឈិន ដាណា នេះ ត្រូវសមត្ថកិច្ចបង្ហើបថា កំពុងមានអ្នកមានអំណាច និងឥទ្ធិពល មួយចំនួន កំពុងលូកដៃអន្តរាគមន៍ឱ្យសមត្ថកិច្ចជំនាញដោះលែងជនត្រូវចោទវិញដោយមិនចាំបាច់បញ្ជូនទៅតុលាការតាមនីតិវិធី ប៉ុន្តែបច្ចុប្បន្ន លោកជំទាវ ឈិន ដាណា កំពុងត្រូវឃាត់ខ្លួននៅនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ច បញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកជំទាវ ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ ៣ ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០ម៉ឺនដុល្លារ ឱ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើលោកជំទាវ ឈិន ដាណា ជនរងគ្រោះ បានបង់ប្រាក់ថ្លៃដីគ្រប់ចំនួន ឲ្យទៅលោកជំទាវ។ ក្រោយពីបានលុយអស់ហើយបែរជាលោកជំទាវគ្មានដីឲ្យជនរងគ្រោះទៅវិញ។

លោកជំទាវ ឈិន ដាណា បានព្យាយាមគេចវេះមិនជួប និងដោះស្រាយបញ្ហាលក់ដីខ្យល់ឱ្យជនរងគ្រោះ និងចុងក្រោយហ៊ានចេញសែកគ្មានសាច់ប្រាក់ឱ្យទៅជនរងគ្រោះដើម្បីដោះខ្លួនមួយគ្រា។

ដោយសារតែ លោកជំទាវ ឈិន ដាណា មានឆន្ទះបោកប្រាស់ម្ដងហើយម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកជំទាវ ឈិន ដាណា នៅតែបន្តគេចវេះ មិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកជំទាវ ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង។

មហាជន ហាក់សម្ដែងការសាទរចំពោះចំណាត់ការផ្លូវច្បាប់លើលោកជំទាវ ឈិន ដាណា និងកំពុងរងចាំមើលចំណាត់ការបន្តរបស់តុលាការក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត