27 C
Phnom Penh
Thursday, December 8, 2022

លៀងធ្លាក់៣ថ្ងៃជាប់គ្នា បណ្តាលឱ្យលិចផ្សារវាលយន្ត ក្រុងស្វាយរៀង និងលិចស្រូវពលរដ្ឋអស់មួយចំនួន

(ស្វាយរៀង)៖ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី១៩ ដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ បានបណ្ដាលឱ្យជន់លិចផ្សារវាលយន្ត ក្រុងស្វាយរៀង ក្នុងរយៈពេលខ្លី និងលិចផ្លូវធ្វើដំណើរមួយចំនួន ព្រមទាំងបានជន់លិចស្រូវរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុង នៅខេត្តស្វាយរៀង បានឱ្យដឹងថា ភ្លៀងរយៈពេល ៣ថ្ងៃនេះបានធ្វើឱ្យជន់លិច ស្រូវព្រោះ ផលដំណាំ ជាពិសេសផ្លូវនានាមួយចំនួនពិបាកធ្វើដំណើរដោយមានសភាពរអិលខ្លាំងផងដែរ។

ជាមួយគ្នានេះ ផ្សារវាលយន្ត ក្រុងស្វាយរៀង ដែលជាទីផ្សារដ៏ធំមួយ ក៏បានជន់លិចដែលធ្វើឱ្យអាជីវករពិបាកលក់ដូរ ហើយជំនន់ទឹកភ្លៀងនេះពុំបានជន់លិចយូរនោះទេ ព្រោះអាជ្ញាធរមន្ទីរដែលពាក់ព័ន្ធ បានរៀបចំប្រពន្ធលូនៅតាមផ្លូវក្នុងក្រុងស្វាយរៀង ធំទូលាយជាងមុន ដែលអាចរំដោះទឹកបានក្នុងរយៈពេល២ ទៅ៣ម៉ោងប៉ុណ្ណោះ។

ទោះបីយ៉ាងណាអាជ្ញាធរក្រុងស្វាយរៀង បានដាក់កម្លាំងកាយសំរាមដែលនៅស្ទះមាត់លូ ដើម្បីបញ្ជៀសការស្ទះលូផងដែរ ហើយចំពោះការជន់លិចស្រូវព្រោះរបស់ប្រជាពលរដ្ឋនៅតាមបណ្ដា ស្រុក ក្រុងមួយចំនួននៅខេត្តស្វាយរៀង ប្រជាពលរដ្ឋបានដាក់ម៉ាសុិនបូមទឹកចេញពីស្រែ តែដោយសារជំនន់ទឹកភ្លៀងធ្លាក់លិចដីស្រែច្រើន ធ្វើឱ្យស្រូវព្រោះរបស់ពលរដ្ឋខ្លះរលួយ និងមិនដុះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋបង្ខំចិត្តរង់ចាំទឹកស្រក ទើបព្រោះស្រូវម្ដងទៀត។

ចំពោះស្ថានភាពព្រោះស្រូវ និងស្ទូងស្រូវ របស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង នៅតាមបណ្តាស្រុកក្រុងខ្លះក៏បានព្រោះស្រូវរួចរាល់ហើយដែរ និងស្រុកខ្លះទៀត គឺកំពុងព្រោះស្រូវ ដោយសារទើបតែទទួលបានរបាយទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះតែប៉ុណ្ណោះហើយសម្រាប់ខេត្តស្វាយរៀង ការស្ទូងស្រូវរបស់ប្រជាពលរដ្ឋពុំសូវឃើញទៀតនោះទេ ឃើញតែពលរដ្ឋធ្វើស្រូវពង្រោះ ព្រោះប្រជាពលរដ្ឋចាត់ទុកថា ការព្រោះស្រូវចំណេញពេលវេលាជាងការស្ទូងស្រូវដែលប្រើពេលយូរ ហើយពិបាករកកម្លាំងពលកម្មដោយសារខេត្តស្វាយរៀង ពលរដ្ឋមួយចំនួនធំបានចូលធ្វើការងារនៅតាមរោងចក្រសហគ្រាស ដូច្នេះ ពុំសូវមានអ្នកចាប់អារម្មណ៍ស្ទូងស្រូវទៀតនោះទេ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យម ដល់ច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសារឥទ្ធិពលជ្រលងនៃប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតី កម្រិតបង្គួរបន្ត មានដល់ថ្ងៃទី២១ ខែកក្កដា ទើបចុះខ្សោយបន្តិចវិញក្រោយពេលប្រព័ន្ធសម្ពាធទាបនៅលើប្រទេសថៃ ឡាវ និងវៀតណាម បានរំកិលឡើងទៅខាងលើ (ជើង) បន្តិចវិញ៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img