ស្តាប់អត្ថបទជាសំឡេង
សៀមរាប៖ បេក្ខជនប្រមាណជាង៦ពាន់នាក់ ក្នុងចំណោមបេក្ខជនជាង៨ពាន់នាក់ ក្នុងខេត្តសៀមរាប បានប្រលងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ជាស្ថាពរ ក្នុងនោះ បេក្ខជនដែលជាប់បាននិទេ្ទសA មានចំនួន១៥៣នាក់ ។


ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត សៀមរាប លោក លី ប៊ុនណា បានមានប្រសាសន៍ថា សម័យប្រលងបាក់ឌុបឆ្នាំសិក្សា២០២០-២០២១នេះ ក្នុងខេត្តសៀមរាបមានបេក្ខជនបានដាក់ពាក្យប្រលងចំនួន៨.៨៣២នាក់ ស្រី៥០៣៨នាក់។ លោកបន្តថា ប៉ុន្តែនៅថ្ងៃប្រលងមានបេក្ខជនត្រឹមតែ៨.៦៥៩នាក់ប៉ុណ្ណោះដែលបានមកប្រលង ហើយជាលទ្ធផល មានបេក្ខជនរហូតដល់៦.៤៣៤នាក់បានប្រលងជាប់ជាស្ថាពរ ក្នុងនោះមានជាប់និទ្ទេសAចំនួន១៥៣នាក់ស្ថិតក្នុងលំដាប់ទី២ បន្ទាប់រាជធានីភ្នំពេញ ។


បើតាមលោក លី ប៊ុនណ្ណា លទ្ធផលនៃការប្រលងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នេះ ក៏ជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និង ក្រសួងអប់រំយុវជននិងកីឡា លើវិស័យអប់រំសិក្សា ក្នុងការពង្រឹងនូវគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធាន មនុស្សឲ្យកាន់តែមានគុណភាព។ ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ សាលារៀនចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលមានកន្លងមកចំពោះសិស្សផងដែរ។




លោកបានបញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ពិតមែន លោកគ្រូអ្នកគ្រូ និង សាស្ត្រាចារ្យគ្រប់វិទ្យាល័យ បានបង្ហាត់បង្រៀនតាមប្រព័ន្ធអនឡាញ បានបង្កើននូវការយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្សឲ្យបានល្អ ក្នុងការប្រលងប្រណាំងពីវិទ្យាល័យមួយទៅវិទ្យាល័យ មួយលើគុណភាពការអប់រំ បណ្តុះបណ្តាលសិស្សជំនាន់ក្រោយ ឲ្យទទួលបាននូវលទ្ធផលការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំបន្តបានល្អប្រសើរ៕
អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews