27 C
Phnom Penh
Thursday, December 8, 2022

រឿង លោកគ្រូប្រពន្ធល្អ តារាសម្ដែង ព្រហ្ម ម៉ាញ ចាប់លក់សំបុត្រពីថ្ងៃទី៥ តុលានេះ

ភ្នំពេញ៖ សិល្បករអាយ៉ៃជើងចាស់មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ លោក ព្រហ្ម ម៉ាញ បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង ដោយលោកបញ្ជាក់ថាភាពយន្ត «លោកគ្រូប្រពន្ធល្អ» ដែលលោកសម្ដែងជាតួឯក នឹងគ្រោងយកទៅផ្សព្វផ្សាយក្នុងមហោស្រពភាពយន្តអន្តរជាតិនៅក្រៅប្រទេស និងត្រៀមដាក់បញ្ចាំងលក់សំបុត្រនៅតាមរោង នាបណ្ដាប្រទេសមួយចំនួន។

ថ្លែងក្នុងកម្មវិធីសម្ពោធរឿង «លោកគ្រូប្រពន្ធល្អ» នៅថ្ងៃទី០៣ តុលា ឆ្នាំ២០២២ លោកព្រហ្ម ម៉ាញ បានថ្លែងប្រាប់ឱ្យដឹងថា ភាពយន្តនេះផលិតករកងចក្រភាពយន្ត ក្រោមការសហការជាមួយផលិតកម្មដើមត្នោត របស់លោក ឆាយ បូរ៉ា។ លោក ព្រហ្ម ម៉ាញ ក៏បានបញ្ជាក់ពីគម្រោងរួចហើយ ថានឹងយកភាពយន្តនេះ ទៅកាន់ឆាកអន្តរជាតិ។ លោកថា នេះមិនមែនជាស្នាដៃលើកដំបូង ដែលលោកបានសម្ដែងនោះទេ តែគឺជារឿងដំបូងដែលលោកបានសម្ដែងជាតួឯក និង ជារឿងដែលលោកបានសម្ដែង ក្រោយល្បីជាតារាអាយ៉ៃ។

តារាជើងចាស់ផ្នែកអាយ៉ៃរូបនេះ បានបន្តថា កាលពីមុនសង្គ្រាម លោកបានសម្ដែងកុនជាច្រើនរឿងណាស់ តែមិនល្បីនោះទេ ទើបលោកមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលត្រូវបានផលិតករជ្រើសឱ្យសម្ដែងជាតួលោកគ្រូ ដែលធ្វើឲ្យលោកពេញចិត្តយ៉ាងខ្លាំង ព្រោះជាការសម្ដែង ដែលត្រូវនឹងជំនាញជាគ្រូកន្លងមករបស់លោក ដែលតែងតែបង្ហាត់អាយ៉ៃ និងសិល្បៈផ្សេងៗផងដែរ។ ក្នុងរឿងនេះ ក៏បានបន្សល់នូវប្លង់ដែលធ្វើឱ្យលោកតែងតែអួលដើមករគ្រប់ពេលនឹកដល់ផងដែរ គឺប្លង់ដែលត្រូវបាននាយកសាលាបណ្ដេញចេញ ហើយធ្វើឲ្យលោកត្រូវបោះបង់អាជីពដែលលោកស្រឡាញ់។

មិនខុសពីការលើកឡើង លោក ឆាយ បូរ៉ា ដែលជាអ្នកដឹកនាំសម្ដែងមួយរូប បានថ្លែងប្រាប់ Puthinews ថាភាពយន្តនេះ គឺពិតជាបានត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិពិតប្រាកដមែន ទើបស្នាដៃមួយនេះ ត្រូវបានផលិតកម្មរបស់លោក និងផលិតកម្មកងចក្រ សម្រិតសម្រាំងទាំងគុណភាព និងស្ដង់ដា ព្រោះតែចង់ឲ្យមានការទទួលស្គាល់ក្នុងពេលឆ្ពោះទៅកាន់ទីផ្សារខាងក្រៅនេះឯង។

គួរជម្រាបថា  ភាពយន្តនេះត្រូវបានកំណត់ដាក់លក់សំបុត្រគ្រប់រោងចាប់ពីថ្ងៃទី០៥ តុលានេះតទៅ ហើយគម្រោងនាំយកទៅក្រៅប្រទេស មិនទាន់កំណត់ថ្ងៃច្បាស់នៅឡើយទេ។ លោក ឆាយ បូរ៉ា ក៏បានបង្ហាញមោទនភាពខ្ពស់ផងដែរ ដែលក្នុងពិធីសម្ពោធរឿងនេះ គឺមានតារាសិល្បៈ និង ភ្ញៀវកិត្តិយសចូលរួមកុះករ ហើយក្នុងពិធីដាក់បញ្ចាំងសាកល្បងកាលពីប៉ុន្មានថ្ងៃមុន ក៏មានអ្នកបានទស្សនាជាច្រើនសរសើរថា ភាពយន្តនេះល្អមើល៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img