26 C
Phnom Penh
Wednesday, June 22, 2022

របាយការណ៍អ.ស.ប.ចោទរបបសឹកភូមាពីបទទារុណកម្មលើកុមារ

ទាហាន​ភូមា ដាក់ពង្រាយ​នៅពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ
ទាហាន​ភូមា ដាក់ពង្រាយ​នៅពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ REUTERS – Stringer .

នៅភូមា កុមារ​រាប់រយនាក់​ត្រូវ​រង​ទារុណកម្ម និង​ត្រូវ​បាន​សម្លាប់ ចាប់តាំង​ពី​រដ្ឋប្រហារ​ដើមឆ្នាំ​ទៅមិញ។ នេះ​បើ​យោងតាម​​នៅក្នុងរបាយការណ៍របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ​កាល​ពីថ្ងៃ​អង្គារ ដោយ​នៅ​ក្នុង​របាយការណ៍​នេះ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់បន្ថែម​ថា កុមារ​អស់ទាំងនេះ​មិនមែនត្រឹមតែ​ជាជនរងគ្រោះ​ដោយ​ប្រយោល​នោះទេ ក៏ប៉ុន្តែ គឺ​ជា​ចំណុចស៊ីប​ដោយផ្ទាល់​របស់​របបសឹកភូមា។

នៅក្នុងរបាយការណ៍​ចេញផ្សាយ​កាល​ពីថ្ងៃ​អង្គារ លោក​ ថម អែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេស​អ.ស.ប.​ស្តីពី​សិទ្ធិមនុស្ស​នៅ​ភូមា បាន​ឲ្យដឹង​ថា កូនក្មេង​ដែល​ជា​អនីតិជនជាច្រើន​នាក់​ត្រូវ​រងទារុណ​កម្ម ដោយ​ខ្លះ​ត្រូវ​គេ​ដកក្រចក ឬ​ដកធ្មេញ ខ្លះទៀត​ត្រូវ​គេ​ចាក់​នឹង​កាំបិត ឬ​ត្រូវ​​វាយដំរហូតដល់​ស្លាប់​ក៏មាន។

គិតជាសរុប រាប់ចាប់តាំង​ពី​រដ្ឋប្រហារ​កាល​ពីខែកុម្ភៈ​ឆ្នាំទៅមិញមក មាន​កុមារ​ភូមាយ៉ាងតិច ១៤២នាក់​ត្រូវ​រង​​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​កងទ័ព ប៉ូលិស ឬកង​សេនាជន​គាំទ្រ​របបសឹក, កុមារយ៉ាងតិច ៣៨២នាក់​ត្រូវ​បាន​សម្លាប់​ ក្នុងនោះ​មាន​ខ្លះ​ត្រូវ​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាមផ្លូវអាកាស ឬ​ការ​បាញ់ផ្លោង ចំណែក​កុមារ​ប្រមាណ​ជា ២៥ម៉ឺននាក់​ផ្សេងទៀត​ត្រូវ​ក្លាយ​ជា​ជនភៀសសឹក​រត់ចោល​ផ្ទះសម្បែង។ ទាំងនេះ​នៅ​មិនទាន់​រាប់​ករណី​ពលកម្មដោយ​បង្ខំ​ជាច្រើន​ផ្សេងទៀត​ទៅលើ​កូនក្មេង​ជាអនីតិជន ដោយ​ក្នុងនោះ​ក៏មាន​ដែរ ការ​​យក​កុមារ​ធ្វើ​ជា​ទាហាន។

សម្រាប់​លោក​ថម អែនឌ្រូ ការធ្វើ​ទុក្ខបុកម្នេញ​​ឥតឈប់ទៅលើ​កុមារ​នេះ គឺបង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​របស់​មេដឹកនាំ​យោធា​ភូមា ដែល​​ចង់​ធ្វើ​បាប​ប្រជាជន​ទូទៅ​ដោយ​មិន​រើសមុខ ក្នុងគោលដៅ​ធ្វើ​ឲ្យ​ប្រជាជន​ខ្លាច​បាក់ស្បាត លែង​ហ៊ាន​ងើបឡើង​ប្រឆាំង​នឹង​របបសឹក ហើយថា ការ​វាយប្រហារ​ទៅលើ​កុមារ ទាំង​ការ​ធ្វើ​ទារុណកម្ម ទាំង​ការ​សម្លាប់ ទោះជា​សម្លាប់​នៅ​ក្នុង​​ការ​វាយប្រហារ​តាមផ្លូវអាកាស ឬ​ដោយ​គ្រាប់ផ្លោង ឬ​ក៏​ក្នុង​ចេតនា​សម្លាប់ដោយផ្ទាល់ គឺ​សុទ្ធសឹង​តែ​​អាច​រាប់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

អ្នករាយការណ៍​ពិសេស​អ.ស.ប​ក៏បានអំពាវនាវផងដែរ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​រួមគ្នា​ដាក់ទណ្ឌកម្ម​លើ​របបសឹកភូមា ហើយ​នាំគ្នា​គិតគូរ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នេះ​ឲ្យ​បាន​សស្រាក់សស្រាំ ដូចជាអ្វីដែល​គេ​កំពុងធ្វើ ក្នុង​​ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត