ផលិតផលសូចនាករភូមិសាស្ត្រ (GI) និងផលិតផលម៉ាកសមូហភាព មិនត្រឹមតែមានតម្លៃខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាផ្នែកមួយក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ និងប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។
ក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជី «បង្គាក្រៀមកំពង់សោម» ពីបណ្តាខេត្តជាប់មាត់សមុទ្រ ជាផលិតផលភូមិសាស្ត្រជាតិ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា។
លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិទទួលបន្ទុកកម្មសិទ្ធិបញ្ញា និងជានាយកកម្មសិទ្ធបញ្ញាមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកំពុងរៀបចំចុះបញ្ជី «បង្គាក្រៀមកំពង់សោម» ជាផលិតផលជាសូចនាករភូមិសាស្ត្រ (GI) នៅកម្ពុជា។
លោកបន្តថា ក្រុមការងារបានរៀបចំសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណផលិតផលសក្តានុពលសម្រាប់ការកសាងម៉ាកយីហោ «បង្គាក្រៀមកំពង់សោម» នៅខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ។
តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតករ និងអាជីវករផលិតបង្គាស្ងួតក្នុងខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធផ្សេងទៀតបានចូលរួមសិក្ខាសាលានេះ។
លោកបន្តថា បង្គាក្រៀមជាផលិតផលមួយដែលក្រសួងចង់ចុះបញ្ជីជាផលិតផលភូមិសាស្ត្រជាតិ។
ក្រសួងពាណិជ្ជកម្មបានស្វែងរកជំនួយពីដៃគូអភិវឌ្ឍន៍ ដើម្បីសិក្សាពីលទ្ធភាពនៃការចុះបញ្ជីម៉ាកយីហោភូមិសាស្ត្រ ឬម៉ាកសមូហភាពក្នុងវិស័យជលផល រួមមាន ‘បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងត្រីប្រហុក‘ ដែលជាផលិតផលជលផលកម្ពុជា។
លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNIDO និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការស្រាវជ្រាវ និងផ្សព្វផ្សាយផលិតផលជលផលនៅកម្ពុជា ដើម្បីរៀបចំសម្រាប់ការចុះបញ្ជីទំនិញការពារជាម៉ាកសញ្ញាសម្គាល់ភូមិសាស្ត្រ។
ប្រទេសកម្ពុជាមានផលិតផលមួយចំនួនដែលត្រូវបានកំណត់ថាជាផលិតផលសម្គាល់ភូមិសាស្ត្រដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះត្រង់ និងទឹកឃ្មុំព្រៃខេត្តមណ្ឌលគិរី។
ក្រៅពីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកយីហោសមូហភាពគឺ គុយទាវភ្នំពេញ អំបុកកំពង់ធំ និង អង្ករព្រះវិហារ ។
ក្រសួងក៏បានចុះបញ្ជីផលិតផលមួយចំនួនទៀតដែលខ្លួនគ្រោងនឹងចុះបញ្ជីជាសញ្ញាសម្គាល់ភូមិសាស្ត្រ រួមមាន អំបិលកំពត និងអំបិលផ្កាកំពត ទឹកត្រីកំពត និង បង្កងតាកែវ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News