26 C
Phnom Penh
Wednesday, January 22, 2025

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នទាំងអស់ ពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសក្រសួងមុខងារសាធារណៈ ដោយបានពិភាក្សា​លើសេចក្តីព្រាងអនុក្រឹត្យចំនួន៩។

សេចក្តីព្រាងអនុក្រឹត្យចំនួន៩ ដែលកំពុងពិភាក្សានាពេលនេះរួមមាន៖ (១)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ (២)អនុក្រឹត្យ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា (៣)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ (៤)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៥)អនុក្រឹត្យ ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា (៦)អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ (៧)អនុក្រឹត្យ ស្តីពីការកែសម្រួល និងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំងអំពើពុករលួយ (៨)អនុក្រឹត្យ ស្តីពីការកែប្រែ និងការដំឡើងបច្ច័យនិច្ចភត្តប្រចាំខែជូនគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញ ការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង (៩)អនុក្រឹត្យ ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។ 

ក្រោយបានស្តាប់បទបង្ហាញ និងពិនិត្យទៅលើសេចក្តីព្រាងអនុក្រឹត្យនីមួយៗ តំណាងក្រសួង ស្ថាប័ន បានសម្តែងការគាំទ្រលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យដែលបានតាក់តែង ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារដែលបានរៀបចំយ៉ាងល្អិតល្អន់ គ្រប់ជ្រុងជ្រោយ។ ឆ្លើយតបការលើកឡើងរបស់អង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំខ្លឹមសារនានានៃសេចក្តីព្រាងបានល្អ ហើយអាចសម្រេចការងារបានល្អ និងឆាប់រហ័សប្រកដោយប្រសិទ្ធភាពបែបនេះ គឺដោយសារមានការចូលរួមសហការប្រកបដោយបុរេសកម្មពីសំណាក់ក្រុមការងារ និងក្រសួង ស្ថាប័ន ក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា “សេចក្តីព្រាងអនុក្រឹត្យនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកងកម្លាំង ក៏ដូចជាមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីជាតិ មាតុភូមិ ទោះបីជាស្ថានភាពសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់ និងលើពិភពលោក តែងតែមានការប្រៃប្រួល និងមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក៏ដោយ”។

សូមជម្រាបថា ក្រោយកិច្ចប្រជុំនេះ ក្រុមការងារនឹងកែសម្រួលខ្លឹមសារចាំបាច់តាមការចូលរួមជាមតិយោបល់របស់អង្គប្រជុំ ដើម្បីបន្តនីតិវិធី និងគោរពដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img