35 C
Phnom Penh
Sunday, June 26, 2022

រដ្ឋមន្ត្រីកិច្ចការនារី ស្វាគមន៍ចំពោះការចង់បានកិច្ចសហការ របស់សមាគមកម្ពុជា-ជប៉ុន ក្នុងការបណ្តុះបណ្តាលដល់ស្រ្តីតាមបណ្តាខេត្ត អំពីជំនាញវិជ្ជាជីវៈ លើឧស្សាហកម្ម ផ្នែកថែរក្សាសម្ជស្ស និងសម្រស់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក ហ្វីម៉ៃកិ តាកាហាស៊ី (Fmiaki Takahashi) អតីតអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានចូលរួមជួបសំណេះសំណាល និងបង្ហាញអំពីសក្តានុពល និងគម្រោងមួយចំនួន ពាក់ព័ន្ធនឹងការអភិវឌ្ឍសូត្រនៅតាមជនបទ និងការបំលែងវត្ថុធាតុដើមសូត្រ សម្រាប់ផលិតផល ថែរក្សាសម្ជស្ស, ការងារទស្សនកិច្ចរបស់ក្រុមវិនិយោគទុន របស់សមាគមកម្ពុជា-ជប៉ុន ក្នុងអំឡុងខែមេសា ឆ្នាំ២០២២ និងការពិភាក្សាលើកិច្ចការអាទិភាពរបស់កម្ពុជា ក្នុងបរិបទស្តារសេដ្ឋកិច្ច និងសង្គមក្រោយវិបត្តិកូវីដ-១៩។
នៅក្នុងកិច្ចពិភាក្សានោះ លោក Kazunori Kato (កាហ៊ូណូរី កាតូ) នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ីប្រីល (iLBRiLLE Co.Ltd) បានបង្ហាញ អំពីគម្រោងនៃការលើកកម្ពស់សូត្រនៅជនបទ របស់ក្រុមហ៊ុន ដែលនៅក្នុងគម្រោងផ្តោតលើស្រ្តីជាអ្នកអនុវត្ត និងទទួលផលពីកម្មវិធី ដែលមានចំនួនប្រមាណ៩០%។ នៅក្នុងគម្រោង ក៏បានបំលែងវត្ថុធាតុដើមពីសូត្រ សម្រាប់ការធ្វើផលិតផល សម្រាប់ថែរក្សាសម្ភស្ស និងសម្រស់របស់បុរសនិងស្រ្តី។ នៅក្នុងនោះ គម្រោងក៏បានស្នើនូវកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ក្នុងចូលរួមជាដៃគូអនុវត្តគម្រោង តាមរយៈមជ្ឈមណ្ឌលអភិឌ្ឍន៍ស្រ្តី នៅតាមខេត្ត ក្នុងការបណ្តុះបណ្តាលដល់ស្រ្តី អំពីជំនាញវិជ្ជាជីវៈ លើឧស្សាហកម្ម ផ្នែកថែរក្សាសម្ជស្សនិងសម្រស់។

ជាមួយគ្នានេះ លោកប្រធានសមាគមកម្ពុជា-ជប៉ុន ក៏បានលើកឡើង អំពីដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន ដែលនឹងមកកាន់កម្ពុជា នៅអំឡុងខែមេសាខាងមុខនេះ ដែលនៅក្នុងនោះភាគច្រើន ជាក្រុមហ៊ុនដែលពាក់ព័ន្ធ ការអភិវឌ្ឍជំនាញ ផ្នែកឧស្សាហកម្មថែរក្សាសម្ភស្ស និងជាសហគ្រិនស្រ្តី។

ឆ្លើយតបនឹងការលើកឡើងខាងលើនេះ លោកស្រីកិត្តិបណ្ឌិត បានស្វាគមន៍ចំពោះការស្នើឡើងរបស់ភាគីជប៉ុន ហើយកិច្ចការនេះ បានឆ្លើយតបនឹងអ្វីដែលក្រសួងកិច្ចការនារី ក្នុងដំណើរការផងដែរ ដោយបច្ចុប្បន្នក្រសួងកិច្ចការនារី កំពុងរៀបចំដំណើរការ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី កម្រិតថ្នាក់ជាតិ និងការធ្វើទំនើបកម្មមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តី នៅតាមបណ្តាខេត្ត។

លោកស្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេស សិក្សាអំពីលទ្ធភាពនៃកិច្ចសហការនេះ លើការគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ស្រ្តី និងការលើកកម្ពស់ជំនាញ និងសហគ្រិនភាពរបស់ស្រ្តី។

ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំ ប្រកបដោយគិតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល សេដ្ឋកិច្ច និងសង្គមជាបន្តបន្ទាប់ ព្រមទាំងការចាក់ថ្នាំបង្ការ ជូនប្រជាពលរដ្ឋ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងជំរុញអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលឈរលើសសរស្តម្ភ ចំនួន៣ (ឬហៅថា 3Rs) គឺ៖ សសរស្តម្ភ ទី១. ការស្តារ, ទី២. ការកែទម្រង់ និងទី៣. ការកសាងភាពធន់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត