28 C
Phnom Penh
Friday, March 29, 2024

រដ្ឋបាលខេត្តបាត់ដំបង បន្តធ្វើការកែលំអផ្លូវ ប្រភេទអ៊ុតបេទីម AC ក្នុងក្រុងបាត់ដំបង ទោះស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩ អូមីក្រុងកំពុងផ្ទុះឆ្លង ក្នុងសហគមន៍ក៏ដោយ

បាត់ដំបង៖ ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការជាក់ស្តែងក្នុងការប្រើប្រាស់ផ្លូវ ដែលក្រុងបាត់ដំបង បានទទួលរងនូវការខូចខាតផ្លូវ ពិសេសដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកលេងកម្សាន្តខេត្តបាត់ដំបងនោះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាជាតិសរុបប្រមាណជាង២ពាន់លានរៀល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ទើបមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបន្តអនុវត្តគម្រោងកែលម្អរធ្វើឲ្យប្រសើរឡើងវិញ ដោយអ៊ុតបេទីម (AC) មួយចំហៀងទៀត នៅលើកំណាត់ផ្លូវជាតិលេខ៥ចាប់ពីរង្វង់មូលរូបសំណាកលោកតាដំបងក្រញូង ដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង មានប្រវែង ២ ០០០ម ទទឹង៩.៥០ម ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា ក្នុងឱកាសដែលលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋាន ដែលកំពុងដំណើរការក្នុងការចាក់អ៊ុតបេទីម ចាប់ពីរង្វង់មូលរូបសំណាកលោកតាដំបងក្រញូងដល់រង្វង់មូលព្រាបស ក្រុងបាត់ដំបង បានបញ្ជាក់ថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យរួចរាល់ជាស្ថាពរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ចូលមកដល់ខាងមុខនេះ និងកំណាត់ផ្លូវក្រាលកៅស៊ូ DBST លើចិញ្ចើមផ្លូវសងខាង ចាប់ពីរង្វង់មូលព្រាបសសន្តិភាព និងគូសគំនូសចរាចរណ៍ទំហំសរុប៧១១ម២ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទៅតភ្ជាប់នឹងផ្លូវហាយវ៉េ ផ្លូវវាងក្រុង មានប្រវែង៥ ៥០០ម ។

លោក សុខ លូ បានចាត់ទុកថា ការសាងសង់ផ្លូវបេទីមAC មួយខ្សែនេះ ពិតជាបានផ្តល់សារៈសំខាន់ និងទទួលបាននូវគុណប្រយោជន៍ក្នុងការលើកកម្ពស់សោភ័ណភាពទីប្រជុំជនក្រុងបាត់ដំបង ធ្វើឲ្យខេត្តបាត់ដំបងកាន់តែមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានឆ្លងកាត់ខេត្ត ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ជូនភ្ញៀវទេសចរ ដែលមានបំណងចង់មកទស្សនានិងកម្សាន្តក្នុងខេត្តនិងនៅតាមតំបន់រមណីយដ្ឋាន ដ៏ទាក់ទាញនានាផងដែរ ទាំងការមកលេងកំសាន្ត ទាំងការស្នាក់នៅ និងការរស់នៅប្រកបកិច្ចការងារ និងធ្វើអាជីវកម្មផ្សេងៗបានកាន់តែប្រសើរថែមទៀតផងដែរ ខណៈដែលក្រុង-ខេត្ត បាត់ដំបងយើងទើបតែទទួលបាននូវពានរង្វាន់ទេសចរណ៍ស្អាត “អាស៊ាន លើកទី៣” កាលពីពេលថ្មីៗកន្លងទៅនេះផងដែរ ៕

អត្ថបទ និងរូបភាពដោយPuthinews

អានបន្ត

spot_img