ខេត្តកំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមីទ្ទិញ ដើម្បីរំលឹកខួបលើកទី៦៩ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងសុន្ទរកថាទៅកាន់អង្គពិធីដោយបានគូសបញ្ជាក់ថាៈ ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ សម្ដែងនូវការ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ របស់ព្រះអង្គដើម្បីជាតិនិងមាតុភូមិ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានមានប្រសាសន៍បន្តថាៈ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ ឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង អភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News