26 C
Phnom Penh
Saturday, October 1, 2022

រដ្ឋបាលខណ្ឌព្រែកព្នៅ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀន ក្រោយសង្កេតឃើញថា គ្រឿងញៀនមានការកើនឡើងគួរឱ្យព្រួយបារម្មណ៍

(ភ្នំពេញ)៖ លោក ហួត លាភពិសិដ្ឋ អភិបាលស្តីទី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន និងចូលរួមសហការ ហើយនិងរាយការណ៍ដល់សមត្ថកិច្ច ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យអស់ចេញពីសហគមន៍មូលដ្ឋាន។ 

នៅក្នុងពិធីផ្សព្វផ្សាយគ្រោះថ្នាក់អំពីគ្រឿងញៀននៅក្នុងសហគមន៍ភូមិអណ្តូង៤ និងភូមិអណ្តូង៦ ក្នុងសង្កាត់គោករកា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២, លោក ហួត លាភពិសិដ្ឋ បានថ្លែងថា «បច្ចប្បន្នយើងសង្កេតឃើញថា ការចរាចណ៍ និងប្រើប្រាស់គ្រឿងញៀនមានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ នៅក្នុងខណ្ឌព្រែកព្នៅ ក៍ដូចជានៅក្នុងរាជធានីភ្នំពេញទាំងមូល ដូចនេះប្រជាពលរដ្ឋគ្រប់រូបត្រូវឆ្លើយធាទេ ចំពោះគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចទើបយើងអាចបង្ក្រាបគ្រឿងញៀនចេញពីមូលដ្ឋានយើងបាន»។ 

លោកអភិបាលខណ្ឌព្រែកព្នៅស្ដីទីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា មិនថាតែអ្នកមាន អ្នកក្រ ឫអ្នកធ្វើការតូចធំនោះទេ សំខាន់ឱ្យតែជាប់ពាក់ព័ន្ធនិងគ្រឿងញៀន នោះសមត្ថកិច្ចត្រូវតែអនុវត្តបង្ក្រាបតាមច្បាប់ជាធរមាន។ លោកបន្តថា បើគ្រួសារមួយមានអ្នកណាម្នាក់សេពគ្រឿងញៀនហើយ នោះគ្រួសារប្រាកដជារស់នៅមិនបានសុខដូចគេទេ មានតែការភ័យខ្លាចគ្រប់បែបយ៉ាង។ តែបើស្រលាញ់សាច់ញាតិ និងបងប្អូនក្រុមគ្រួសារ ដែលញៀនគ្រឿងញៀន គឺត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការយកទៅបន្សាយគ្រឿងញៀន ក្នុងការជៀសវាងគ្រោះថ្នាក់កាន់តែខ្លាំងជាងនេះ។ 

បន្ថែមពីនេះ លោក ស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌ បានលើកឡើងថា ដើម្បីលុបបំបាត់ឱ្យបាននូវការការចរាចណ៍ និងប្រើប្រាស់គ្រឿងញៀនពីក្នុងសហគមន៍មូលដ្ឋាន សំខាន់បំផុតទាល់តែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការទាំងអស់គ្នា ព្រោះថាអ្នកសេបគ្រឿងញៀន សមត្ថកិច្ចចាប់បញ្ជូនទៅកន្លែងបន្សាបគ្រឿងញៀន តែចំពោះអ្នកជួញដូរគ្រឿងញៀនវិញ គឺសមត្ថកិច្ចបង្ក្រាបចាប់បញ្ជូនទៅតុលាការកាត់ទោសទៅតាមច្បាប់។ 

បើតាមលោកនាយករដ្ឋបាលខណ្ឌ «យើងទាំងអស់គ្នាកុំប្រងើយកន្តើយឱ្យសោះចំពោះគ្រឿងញៀន ព្រោះថាថ្ងៃនេះកូនគេ ប្អូនគេ និងក្មួយគេពាក់ព័ន្ធគ្រឿងញៀន ស្រាប់តែថ្ងៃក្រោយអាចធ្លាក់មកលើកូនយើង ប្អូនយើង និងក្មួយយើងវិញក៏អាចថាបាន»។ 

សម្រាប់លោក ហែម ឬទ្ធី នាយករងរដ្ឋបាលខណ្ឌ ក៍បានលើកឡើងផងដែរថា ការចូលរួមសហការ ទប់ស្កាត់ និងបង្រាបឱ្យអស់គ្រឿងញៀនពីសហគមន៍មូលដ្ឋានយើងនេះ មាន៣សំខាន់ៗ៖ ទី១-ប្រជាពលរដ្ឋត្រូវបង្កា និងទី២-ប្រជាពលរដ្ឋត្រូវណែនាំ ហើយនិងទី៣-ប្រជាពលរដ្ឋត្រូវរាយការណ៍ នោះគ្រឿងញៀនប្រាកដជាមិនមានក្នុងសហគមន៍យើងទៀតនោះទេ។ កន្លងមកប្រជាពលរដ្ឋ តែងតែសំណូមពរដល់សមត្ថកិច្ចបង្រាបឱ្យអស់គ្រឿងញៀនក្នុងមូលដ្ឋាន នោះទាល់តែបងប្អូនចូលរួមសហការ ហើយកុំលាក់ឱ្យសោះទើបអាចបង្ក្រាបបាន បើស្រលាញ់សាច់ញាតិបងប្អូន៕ 

ដោយ៖ Puthinews

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត