ស្តាប់អត្ថបទជាសំឡេង
ពោធិ៍សាត់៖ តាមរយៈការអនុវត្តចំការបង្ហាញកសិកម្មល្អ កសិករម្នាក់ ឈ្មោះសឿ គាសំរេច រស់នៅ ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានអនុវត្តធ្វើចម្ការ ដោយបានបង្ហាញពីការធ្វើកសិកម្មល្អ លើផ្ទៃដីទំហំ៣.០០០ម៉ែត្រការ៉េ មានដាំដំណាំសណ្តែកកួរជាដើម ជាលទ្ធផលក្នុងមួយវគ្គៗ រកចំណូលសរុបបាន ៣.៥១៩.០០០៛ ដោយចំណាយសរុបលើការដាំបន្លែ និងផ្សេងៗអស់១.៥៤៥.៥០០៛ ហើយទទួលបាន ប្រាក់ចំណេញសុទ្ធចំនួន ១.៩៧៣.៥០០៛។
លោក អ៊ូច សូធូ អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានមានប្រសាសន៍ថា ការអនុវត្តចំការបង្ហាញកសិកម្មល្អនេះជាគម្រោង ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេសសម្រាប់សុវត្ថិភាពចំណីអារហារ តាមរយៈការអនុវត្តវិធានការ និងប្រព័ន្ធវិញ្ញាបនបត្រ សុវត្ថិភាពចំណីអារហារក្នុងផលិតកម្មកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ ក្នុងបរិបទការរីករាលដាលជម្ងឹ កូវីដ-១៩ ដែលរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យនិងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ឧបត្ថម្ភថវិកាដោយ អង្គការ FAO ។
គម្រោងនេះ បានជ្រើសរើសសមាជិកសហគមន៍ ផលិតបន្លែសុវត្ថិភាព ភូមិធ្លោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺកសិករសឿ គាសំរេច សម្រាប់អនុវត្តធ្វើចំការបង្ហាញក្នុងការអនុវត្ត កសិកម្មល្អជាការសាកល្បងឃើញថា គាត់ទទួលទិន្នផលខ្ពស់ប្រាក់ ចំណេញច្រើនគួរសម បើប្រៀបធៀបនឹងប្រាក់ចំណាយ ដើម្បីយកបទពិសោធន៍ និងបច្ចេកទេស ទៅអនុវត្តផ្សព្វផ្សាយតាមគោលដៅសហគមន៍ផលិតបន្លែសុវត្ថិភាពនានា ដែលបានទទួលនៅគម្រោងខាងលើនេះ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews